(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ា នឹងពិចារណាលើការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ខណៈវាគឺជាការផ្លាស់ប្តូរនៃគោលនយោបាយ ស្របពេលដែលសហគមន៍អន្តរជាតិ ព្យាយាមងាកទៅរកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

ក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី Wong បានសម្តែងការគាំទ្រចំពោះ ការអត្ថាធិ​ប្បាយរបស់រដ្ឋមន្រ្តីការបរទេស​នៃចក្រភពអង់គ្លេស លោក David Cameron ដែលបាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិ (UN) នឹងធ្វើឱ្យដំណោះស្រាយរដ្ឋពីរមានភាពរឹងមាំ ពុំអាចប្រែក្រឡាស់វិញបាន។ លោកស្រីប្រមុខការទូតអូស្រ្តាលី បានលើកឡើងដូច្នេះថា «ដំណោះស្រាយរដ្ឋពីរ គឺជាក្តីសង្ឃឹមតែមួយគត់ ដើម្បីបិទបញ្ចប់ភាពវិលវល់នៃអំពើហិង្សា គ្មានទីបញ្ចប់នេះ»។

ដំណោះស្រាយរដ្ឋពីរ គឺជាមូលដ្ឋានគ្រឹះយូរមកហើយ សម្រាប់កិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការដោះស្រាយជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែដំណើរការនេះ បានជាប់គាំងអស់រយៈពេលប្រមាណ ១ទសវត្សរ៍មកហើយ ពោលគឺមុនការផ្ទុះឡើងនៃសង្រ្គាមសព្វថ្ងៃ នៅដែនដីប៉ាឡេស្ទីនរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ទៅទៀត។ ជនជាតិប៉ាឡេស្ទីនចង់បានប្រទេសឯករាជ្យមួយ នៅតំបន់ West Bank និងហ៊្សេរុយសាឡិមខាងកើត ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា ឆ្នាំ១៩៦៧ ហើយក៏រួមបញ្ចូលតំបន់ Gaza ដែលគ្រប់គ្រង​ដោយហាម៉ាសផងដែរ។ យ៉ាងណាមិញ លោកស្រី Wong បានច្រានចោលលទ្ធភាពនៃតួនាទី សម្រាប់ក្រុមហាម៉ាស នៅក្នុងរដ្ឋប៉ាឡេស្ទីនមួយ នាពេលអនាគត។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅ West Bank បានស្នើជាផ្លូវការឱ្យមានការពិចារណាជាថ្មី ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ UN ចំពោះសំណើរបស់ខ្លួន ក្នុងការក្លាយជាសមាជិកពេញលេញ នៅស្ថាប័នកំពូលអន្តរជាតិមួយនេះ។ បច្ចុប្បន្ន ប៉ាឡេស្ទីនមានឋានៈត្រឹមជាសមាជិកសង្កេតការណ៍ប៉ុណ្ណោះ នៅ UN៕