(រ៉ូម)៖ អភិបាលក្រុងក្នុងតំបន់និយាយថា មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គីភ័យ និងការផ្ទុះក្រោមរោងចក្រថាមពលនៃទំនប់វារីអគ្គិសនីមួយ ដែលស្ថិតនៅឯភាគខាងជើងប្រទេសអ៉ីតាលី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។

បណ្តាញអគ្គិសនីជាតិរបស់អ៉ីតាលីបញ្ជាក់ថា មានការឆាបឆេះម៉ាស៉ីនបំប្លែងថាមពលមួយគ្រឿងក្នុងរោងចក្រ នៃទំនប់វារីអគ្គិសនីមួយក្នុងទីក្រុង Bargi កាលពីនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ចំណែក មន្រ្តីពន្លត់អគ្គិភ័យ បានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅទំនប់មួយនៃបឹងសប្បនិម្មិត Suviana។ បើតាមលោក Marco Masinara អភិបាលក្រុង Camugnano សាសពមនុស្សចំនួន ៣នាក់ត្រូវបានរកឃើញ ហើយមនុស្ស ៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈដែលអ្នករបួសធ្ងន់ ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការសន្និដ្ឋានបឋម ឧបទ្ទេវហេតុនេះអាចបណ្តាលមកពីការឆេះទួរប៊ីនក្នុងរោងចក្រ។

គួរបញ្ជាក់ថា អាងនៃទំនប់វារីអគ្គិសនីខាងលើនេះ មិនរងការខូចខាតនោះទេ ហើយរោងចក្រនេះមិនបានដំណើរការនោះទេ ដូច្នេះគ្មានផលប៉ះពាល់ចំពោះការផ្គត់ផ្គង់អគ្គិសនីឡើយ៕