(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ibrahim Raisi និងសមភាគីអ៊ីរ៉ាក់ លោក Abdul Latif Rashid នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យមានការរួបរួមក្នុងចំណោមប្រទេសអ៊ីស្លាម ដើម្បីបញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប និងការពារសិទ្ធិប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ ប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi បានសម្តែងការខកចិត្តចំពោះការបរាជ័យរបស់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សាប្រកបដោយប្រសិទ្ធភាព។

លោក Raisi បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសនៅក្នុងពិភពមូស្លីម ដើម្បីបញ្ចប់វិបត្តិនៅហ្គាហ្សា ដោយលើកឡើងពីជម្លោះថា ជាប្រភពនៃក្តីបារម្ភយ៉ាងធ្ងន់ធ្ងរសម្រាប់អ៊ីរ៉ង់ អ៊ីរ៉ាក់ និងសហគមន៍មូស្លីមទាំងមូល។

ជាងនេះទៅទៀត លោកបានអំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនងអ៊ីរ៉ង់-អ៊ីរ៉ាក់ ដោយលើកឡើងពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្ររួមគ្នារវាងប្រទេសទាំងពីរ ហើយបានសម្តែងក្តីសង្ឃឹមរបស់លោក សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងប៉ុន្មានខែខាងមុខនេះ ទោះបីជាមានឧបសគ្គពីខាងក្រៅក៏ដោយ។

ចំណែកឯ ប្រធានាធិបតីអ៊ីរ៉ាក់វិញ គឺ លោក Rashid ក៏បានសម្តែងទស្សនៈដូចគ្នានេះដែរ និងបានបង្ហាញការសោកស្តាយចំពោះការបន្តសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងវិធានការគ្មានប្រសិទ្ធភាពដែលធ្វើឡើងដោយសហគមន៍អន្តរជាតិ។ លោកក៏បានអំពាវនាវឱ្យប្រទេសអ៊ីស្លាមមានយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីនដែលជាបញ្ហាស្នូលរបស់ខ្លួន និងធានាការការពារសិទ្ធិពួកគេផងដែរ។

ប្រធានាធិបតីអ៊ីរ៉ាក់រូបនេះ ក៏បានពណ៌នាទំនាក់ទំនងរវាងទីក្រុងបាកដាដ និងក្រុងតេអេរ៉ង់ថារឹងមាំ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការពង្រឹងទំនាក់ទំនងនេះ ដោយមិនគិតពីអ្នករិះគន់ពីខាងក្រៅ៕