(ហ្គាហ្សា)៖ ក្រុមហាម៉ាសបាននិយាយនៅថ្ងៃអង្គារនេះថា សំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់នៅក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា មិនបានឆ្លើយតបទៅនឹងការទាមទារណាមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះទេ ប៉ុន្តែថាខ្លួននឹងសិក្សាបន្ថែមទៀតនូវសំណើនេះ ហើយឆ្លើយតបទៅកាន់អ្នកសម្របសម្រួល។ នេះបើយោងតាមចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

សំណើរបស់អ៊ីស្រាអែល ត្រូវបានប្រគល់ជូនដល់ក្រុមហាម៉ាស ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ ដែលមានបំណងស្វែងរកផ្លូវចេញពីសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលឥឡូវនេះនៅក្នុងខែទីប្រាំពីររបស់ខ្លួន។

អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេ ទៅលើទីក្រុង Deir el-Balah និង Rafah នៅកណ្តាល និងភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាតំបន់ពីរដែលពីមុននេះ មិនធ្លាប់ត្រូវបានវាយប្រហារទេ។

នាយក CIA លោក William Burns ក៏បានចូលរួមក្នុងកិច្ចចរចានៅទីក្រុងគែរដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនអាចសម្រេចបាននូវរបកគំហើញស្តីពីបទឈប់បាញ់នោះទេ។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើបទឈប់បាញ់ថ្មីរបស់អ៊ីស្រាអែលបានបរាជ័យក្នុងការបំពេញតាមការទាមទាររបស់ខ្លួន។

ហាម៉ាស់បាននិយាយថា «ចលនា (ហាម៉ាស) ចាប់អារម្មណ៍ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើង។ ទោះបីជាយ៉ាងនេះក៏ដោយ ជំហររបស់អ៊ីស្រាអែលនៅតែមិនឆ្លើយតប ហើយមិនបំពេញតាមការទាមទារណាមួយរបស់ប្រជាជនរបស់យើងទេ»

ទោះជាយ៉ាងណា ក្រុមនេះបាននិយាយថា ខ្លួននឹងពិនិត្យបន្ថែមទៀតលើសំណើនេះ ហើយសន្យាថា នឹងផ្តល់ចម្លើយតបទៅអ្នកសម្រុះសម្រួល។

គួរជម្រាបថា ក្រុមហាម៉ាស់ចង់បានកិច្ចព្រមព្រៀងមួយ ដែលអាចធានាបាននូវការបញ្ចប់ការវាយលុកយោធាទាំងស្រុងរបស់អ៊ីស្រាអែល ការដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ចំណែក អ៊ីស្រាអែលចង់ធានាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់បាន នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានជម្លោះ និងលុបបំបាត់ការគំរាមកំហែងពីក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាតាំងពីឆ្នាំ ២០០៧៕