(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយសាជាថ្មីក្នុងសប្តាហ៍នេះ ទៀតហើយថា អ៊ុយក្រែនពិតជា "នឹងចាញ់សង្រ្គាម" ប្រសិនបើសភាសហរដ្ឋអាមេរិក មិនយល់ព្រមផ្តល់ជំនួយយោធាដល់អ៊ុយក្រែននោះទេ។ ប្រទេសក្នុងអង្គការបក្ខសម្ព័ន្ធណាតូ កំពុងរកមធ្យោបាយនានា ដើម្បីបន្តជួយអ៊ុយក្រែនរៀនរស់ ដោយគ្មានការពឹងផ្អែកលើសហរដ្ឋអាមេរិក។ ប៉ុន្តែហេតុអ្វីបានជាមេដឹកនាំអ៊ុយក្រែន នៅតែបន្តនិយាយថា បើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិក អ៊ុយក្រែននឹងចាញ់សង្គ្រាមនោះ?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយសាជាថ្មីក្នុងសប្តាហ៍នេះ ទៀតថា អ៊ុយក្រែនពិតជា "នឹងចាញ់សង្រ្គាម" ប្រសិនបើសភាសហរដ្ឋអាមេរិក មិនយល់ព្រម ផ្តល់ជំនួយយោធាដើម្បីប្រឆាំងនឹងការទប់ទល់នឹង អំពើឈ្លានពានរបស់រុស្ស៊ីនោះទេ។ ថ្លែងតាមប្រព័ន្ធវីដេអូនៅក្នុងជំនួបក្រុម United24 ក្នុងការរៃអង្គាសប្រាក់ នាថ្ងៃអាទិត្យទី៧ មេសាឆ្នាំ២០២៤, លោកហ្សេឡិនស្គី បានថ្លែងក្នុងសម្តីចង់បញ្ជាក់ប្រាប់សមាជិកសភាតំណាង រាស្ត្រអាមេរិកថា «វាជាការចាំបាច់ណាស់ក្នុងការបញ្ជាក់ជាពិសេស ដល់សភាតំណាងរាស្ត្រ អាមេរិកថា៖ ប្រសិនបើសភាអាមេរិកមិនជួយអ៊ុយក្រែនទេ, អ៊ុយក្រែនពិតជានឹងចាញ់សង្រ្គាម» ។ លោកហ្សេឡិនស្គីនិយាយបន្តថា ហើយ«ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាមនេះ, ប្រទេសផ្សេងទៀត ក៏នឹងត្រូវរងការវាយប្រហារផងដែរ…ហើយនេះវាជាការពិត»

សេចក្តីព្រមានរបស់លោកហ្សេឡិនស្គីដែលសារភាពថា នឹងចាញ់សង្គ្រាមបើគ្មានជំនួយពីសហរដ្ឋអាមេរិកនេះ មិនមែនជាសម្តីសារភាព លើកដំបូងនោះទេ។ សម្តីរបស់លោកហ្សេឡិនស្គី បញ្ជាក់ថាការចាញ់សង្គ្រាមបើគ្មានជំនួយពីសហរដ្ឋអាមេរិកនេះ ត្រូវបានលើកឡើងជាច្រើន ដងទាំងនៅមុខសមាជិកសភាអាមេរិកផង, មុខមន្ត្រីសេតវិមានផង និងប្រាប់ប្រទេសជាដៃគូ ផ្តល់ជំនួយផង ដើម្បីឱ្យគេបានមើលឃើញនូវក្តីបារម្ភរបស់អ៊ុយក្រែន។

សម្តីសារភាពនាពេលនេះប្រាប់ក្រុម United24 បាន ទន្ទឹមនឹងស្ថានការណ៍នៅលើសមរភូមិ ភាគខាងកើតកាន់តែមានលក្ខណៈធ្ងន់ធ្ងរ ទន្ទឹមនឹងទឹក ដីភាគខាងកើតអ៊ុយក្រែនកាន់តែបន្ត របេះអស់ជាច្រើនថែមទៀតដោយសារការដកថយរបស់ អ៊ុយក្រែនដែលខ្វះអាវុធមិនអាចការ ពារទឹកដីភាគខាងកើត។

អ៊ុយក្រែនបានប្រឈមនឹងការខ្វះគ្រាប់រំសេវ​ ចាប់តាំងពីចុងឆ្នាំ២០២៣ ដែលជម្រុញឱ្យរុស្ស៊ី ចាប់ផ្តើមធ្វើសកម្មភាពវាយលុកមកវិញ ជាមួយការដណ្តើមបានយក ទឹកដីជាច្រើនទៀត។ រុស្ស៊ីបានថ្លែងអួតអាងថាកងកម្លាំងរបស់ខ្លួន បានវាយកាន់កាប់ទឹកដី ទំហំ៤០៣គីឡូម៉ែត្រក្រឡានាភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ដែលនាំឱ្យទំហំដីកាន់ កាប់របស់ រុស្ស៊ីពង្រីកមកភាគខាងលិចប្រទេសរបស់ខ្លួននោះមាន ទំហំសរុប១០០ពាន់គីឡូ ម៉ែត្រក្រឡាហើយ ដែលស្មើនឹង ១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមួល។

កាលពីខែកុម្ភៈឆ្នាំ២០២៤, ស្ថាប័នព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយបរទេស តម្លៃ៩៥.៣ពាន់លានដុល្លារដែលក្នុងនោះ រួមមានថវិកាជំនួយ៦០ពាន់លាន ដល់អ៊ុយក្រែនផង ដែរ ប៉ុន្តែកញ្ចប់ជំនួយថវិកាទាំងនោះ បានមកទើរកកស្ទះក្នុងស្ថាប័នសភាតំណាងរាស្ត្រអាមេរិក ដែលជាស្ថាប័នគ្រប់គ្រងសម្លេងភាគច្រើន ដោយគណបក្សសាធារណរដ្ឋ។

លោក Zelensky ពីមុនបានត្អូញត្អែរមុននេះដែរថា ជីវិតមនុស្ស "រាប់លាននាក់" អាចបន្តស្លាប់ ថែមទៀតក្នុងសង្គ្រាមអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីនេះ ប្រសិនបើសមាជិកសភាអាមេរិក មិនយល់ព្រមលើកញ្ចប់ជំនួយនោះទេ។ សេចក្តីព្រមានដែលបង្ហាញ នូវជីវិតមនុស្សដែលនឹងអាចស្លាប់ នាពេលខាងមុខដោយសារគ្មាន ជំនួយយោធាពីសហរដ្ឋអាមេរិកនោះ នៅតែមិនមានការឆ្លើយតបជាវិជ្ជមានដដែល ពីស្ថាប័នសភាតំណាងរាស្ត្រអាមេរិក។ ដូច្នេះចង់ឬមិនចង់ជីវិត របស់ពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់ កំពុងស្ថិតជាចំណាប់ខ្មាំងដោយសារតែការរង់ចាំ ជំនួយពីសហរដ្ឋអាមេរិកក្នុងវេលាដ៏ចាំបាច់នេះហើយ។

ក្តីរំពឹងលើជំនួយសហរដ្ឋអាមេរិកនេះ គឺនៅបន្ទាប់ពីរដ្ឋបាលលោកចូបៃដិន ត្រូវគេឃើញថា តែងនិយាយសន្យាដល់រដ្ឋាភិបាលអ៊ុយក្រែន របស់លោកហ្សេឡិនស្គីថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដល់អ៊ុយក្រែនតាមអ្វី ដែលអ៊ុយក្រែនចង់បានក្នុងការប្រឆាំងអំពើឈ្លានពាន របស់រុស្ស៊ី ប៉ុន្តែទំនាស់ផ្ទៃក្នុងនៃគណបក្សធ្វើនយោបាយ ក្នុងសភាកុងហ្គ្រេសទាំង២ កំពុងក្លាយជាឧបសគ្គដល់អ៊ុយក្រែន ដែលតែងរំពឹងខ្លាំងលើការសន្យាផ្តល់ ជំនួយយោធាពីសហរដ្ឋអាមេរិកនេះ។

អំពើលុកលុយឈ្លានពានដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ នាពេលនេះ បានអូស បន្លាយចូលដល់ឆ្នាំទី៣ហើយ ប៉ុន្តែច្រកចេញដើម្បីបញ្ចប់សង្គ្រាម រវាងប្រទេសទាំង២នៅមិន អាចរកឃើញនៅឡើយ។ កិច្ចប្រឹងប្រែងរកការចរចាដើម្បីបញ្ចប់ទំនាស់នេះ ត្រូវបានបរាជ័យ ជារៀងរហូតដោយសារតែការទាមទារនៃភាគីរៀងៗខ្លួន មិនអាចឱ្យភាគីទាំងសងខាងធ្វើសម្ប ទានទៅវិញទៅមកបានឡើយ។ អ៊ុយក្រែនបានថ្លែងមុននេះថា មានតែការធ្វើសង្គ្រាមដើម្បី បង្ខំឱ្យរុស្ស៊ីចូលតុចរចាតែប៉ុណ្ណោះ គឺជាវិធីដែលអាចបង្ខំឱ្យរុស្ស៊ីត្រូវដកកងកម្លាំងរបស់ខ្លួន ចេញពីទឹកដីភាគខាងកើត ប៉ុន្តែឱកាសឆ្នាំ២០២៣ ដែលមានក្តីរំពឹងលើ ប្រៀបឈ្នះនោះ បាន កន្លងផុតហួសទៅហើយ។ ឆ្នាំ២០២៤នេះ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានប្រឈម នឹងបញ្ហាជាច្រើន ទាំងបញ្ហាជំនួយ, បញ្ហាចំណោទលើការប្រឈមខ្វះកម្លាំងធនធានមនុស្ស ខណៈមេ ដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរពូទីន ត្រូវបានជាប់ឆ្នោតបន្ត ការដឹកនាំអាណ្ណត្តិថ្មីក្នុង រុស្ស៊ីជាបន្ថែមទៀត ដែលមានន័យថាពលរដ្ឋរុស្ស៊ីបានបន្តគាំទ្រឱ្យលោកពូទីនបន្តធ្វើសង្គ្រាម ដាក់ទៅលើអ៊ុយ ក្រែនជាបន្ថែមទៀតរហូតដល់រុស្ស៊ីទទួលបានជ័យជម្នះ។

ឆ្នាំ២០២៤នេះទៀត ក៏មានក្តីបារម្ភជុំវិញអនាគតនយោបាយក្នុងសហរដ្ឋអាមេរិកថែមទៀត បើ សិនណាជាការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ លទ្ធផលនឹងផ្លាស់ប្តូរការដឹកនាំថ្មី ក្នុងរដ្ឋបាលរបស់សហរដ្ឋអាមេរិកនោះ។ ដៃគូប្រកួតប្រជែងរបស់ គណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ត្រាំ បានថ្លែងថា លោកនឹងមិន ឱ្យផ្តល់លុយសូម្បីតែមួយសេនទៅឱ្យអ៊ុយក្រែនឡើយ ប្រសិនបើលោកនឹងជាប់ឆ្នោតសាឡើងវិញជាប្រធានាធិបតីអាមេរិក។ សម្តីរបស់លោក ដូណាល់ត្រាំនេះ ត្រូវបានគេចាត់ទុកថាជា សញ្ញាមិនល្អសម្រាប់កិច្ចប្រឹងប្រែងរបស់លោក ហ្សេឡិនស្គី ដែលពឹងផ្អែកជាខ្លាំងលើជំនួយយោធា របស់សហរដ្ឋអាមេរិក។

សាស្ត្រាចារ្យរងនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ International Institute for Strategic Studies លោក Franz-Stefan Gady បានប្រាប់ទូរទស្សន៍ស៊ីអិនអិន អាមេរិកថា សង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដល់ "ដំណាក់កាលអន្តរកាល" ។ លោកបានថ្លែងថា «រុស្ស៊ីកំពុងធ្វើការវាយប្រហារ នៅសមរភូមិមុខ។ រុស្ស៊ីកំពុងព្យាយាមឈានទៅដណ្តើម កាន់កាប់កន្លែងណា ដែលគេអាចធ្វើបាន…ហើយរុស្ស៊ីកំពុងរៀបចំធ្វើនូវអ្វីដែលជាទិសដៅ វាយប្រហារទៅមុខរបស់ខ្លួនថែមទៀត»

នេះជាការធ្វើសកម្មភាពរបស់រុស្ស៊ី ក្នុងពេលដែលមានសេចក្តីរាយការណ៍ថាដៃគួសត្រូវប្រ យុទ្ធរបស់ខ្លួនកំពុងតែអស់សង្ឃឹម ចំពោះក្តីរំពឹងជំនួយពីសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសក្នុង អង្គការបក្ខសម្ព័ន្ធណាតូ កំពុងរកមធ្យោបាយនានាដើម្បីបន្តជួយអ៊ុយក្រែន ដើម្បីការរៀនរស់ ដោយគ្មានការពឹងផ្អែកលើសហរដ្ឋអាមេរិក។ នៅក្នុងការប្រារព្វខួប៧៥ឆ្នាំក្នុងក្រុងប្រ៊ុច សែលនៃប្រទេសបែលហ្ស៊ីក កាលពីថ្ងៃទី៤មេសានៃ ការបង្កើតអង្គការសន្ធិសញ្ញាអត្លង់ទិក ខាងជើង, ប្រទេសក្នុងអង្គការបក្ខសម្ព័ន្ធណាតូ បានអំ ពាវនាវការជួយផ្តល់គ្រឿងសព្វាវុធដល់អ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងក្នុងពេលនោះថា «ស្ថានភាព លើសមរភូមិអ៊ុយក្រែន មានលក្ខណៈធ្ងន់ធ្ងរ»។ លោកថា «អ៊ុយក្រែនត្រូវការប្រព័ន្ធការពារអាកាស, ត្រូវការគ្រាប់រំសេវ និងត្រូវការជំនួយជាបន្ថែមទៀត»។ លោក Jens Stoltenberg បានស្វាគមន៍ចំពោះប្រទេសសម្ព័ន្ធមិត្ត ដែលបន្តបង្កើនការប្រកាសថ្មីៗសន្យាការបន្តផ្តល់ជំនួយ។ លោកបានលើកឡើងពីគំនិតផ្តួចផ្តើម របស់ប្រទេសអាល្លឺម៉ង់ នូវទឹកប្រាក់ចំនួនជិត៦០០ លានអឺរ៉ូ សម្រាប់ជួយលើគ្រាប់កាំភ្លើងធំ Artillery, ការផ្តល់ដ្រូន ចំនួន១ម៉ឺនគ្រឿងពីប្រទេសអង់គ្លេស ខណៈ បារាំងបានផ្តល់មីស៊ីលជាច្រើនបន្ថែមជាមួយ នឹងរថពាសដែក និងក៏មានកញ្ចប់ជំនួយថ្មីពីប្រទេសហ្វាំងឡង់តម្លៃ ១៨៨លានអឺរ៉ូថែមទៀត។ លោក Jens Stoltenberg បានស្នើឲ្យមានការបង្កើត កញ្ចប់មូលនិធិរយៈពេលប្រាំឆ្នាំ ជាមួយ នឹងទឹកប្រាក់ ១០៧ ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនថែមទៀត ។

ប៉ុន្តែលោក Franz-Stefan Gady នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានថ្លែងថា គ្មានអ្វីអាចមកជំនួស ចំពោះជំនួយរបស់សហរដ្ឋអាមេរិកបានឡើយ។ លោកសាស្ត្រាចារ្យ Franz-Stefan Gady បានថ្លែងថា ឆ្នាំ២០២៤នេះ, អ៊ុយក្រែនពិតជាត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបានថ្លែងថាបណ្តាប្រទេសអឺរ៉ុប ពិតជាបានបញ្ជួននូវ ជំនួយយោធាខ្លះកន្លងមក ដូចជាអាវុធទំនើបមកជួយអ៊ុយក្រែនពិតប្រាកដមែន ប៉ុន្តែវាមិនអាចជំនួសបាន នូវប្រព័ន្ធអាវុធការពារអាកាស របស់អាមេរិកបានឡើយ។

លោកហ្សេឡិនស្គី ក៏ធ្លាប់បានសារភាពនូវភាពខ្លាំង នៃជំនួយយោធារបស់អាមេរិកក្នុងការអាចទប់ទល់នឹង អាវុធរបស់រុស្ស៊ីផងដែរ។ កាលពីដើមខែមេសានេះ លោកបានប្រាប់កាសែត The Washington Post ថា «ប្រសិនណាបើអ៊ុយក្រែនមិនបានទទួល ជំនួយយោធាពីសហរដ្ឋអាមេរិកដូចបានសន្យានោះទេ, មានន័យថាអ៊ុយក្រែន គ្មានប្រព័ន្ធអាវុធការអាកាស, គ្មានមីស៊ីល Patriots, គ្មានអាវុធបង្ការាំងស្ទះសង្គ្រាមអេឡិចត្រូនិច របស់សត្រូវ, គ្មានគ្រាប់ផ្លោង១៥៥ មីលីម៉ែត្រពីអាមេរិកនោះទេ, កងកម្លាំងអ៊ុយក្រែននឹងត្រូវដកថយ ក្នុងជំហានម្តងបន្តិចៗ» ជាមិនខានឡើយ។

លោកហ្សេឡិនស្គីមិនដែលបំភ្លេចសម្តីរបស់លោកជាមួយនឹងការភ្ជាប់ថា«ប្រសិនបើ អ៊ុយក្រែនចាញ់សង្រ្គាមនេះ, ប្រទេសផ្សេងទៀត ក៏នឹងត្រូវរងការវាយប្រហារផងដែរ»។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីចុងខែមីនាកន្លងមកនេះថា រុស្ស៊ីមិនដែលមានគំនិតណាមួយ វាយប្រហារដាក់លើប្រទេសនៃសមាជិកអង្គការណាតូទេ។ លោកថា រុស្ស៊ី នឹងមិនវាយប្រហារដាក់លើប្រទេសប៉ូឡូញ ឬលើបណ្តាប្រទេសនៃរដ្ឋបាល់ទិក ឬសាធារណរដ្ឋឆេកនោះឡើយ ប៉ុន្តែលោក ពូទីន បាននិយាយព្រមានមួយដោយជាក់លាក់ថា ប្រសិន បើប្រទេសលោកខាងលិចផ្គត់ផ្គង់យន្ត ហោះចម្បាំង F-16 ដល់អ៊ុយក្រែនដើម្បីវាយប្រហារ ដល់រុស្ស៊ី យន្តហោះ F-16 ទាំងនោះ នឹងត្រូវបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ី ជាមិនខាន ឡើយទោះបីស្ថិតនៅទីតាំងណាក៏ដោយ។

ប្រទេសណ័រវ៉េ, ប្រទេសហូឡង់, ប្រទេសដាណាម៉ាក, ប្រទេសបែលហ្ស៊ីក គឺជាប្រទេស ដែល សន្យាផ្តល់យន្តហោះ F16 ទៅឱ្យអ៊ុយក្រែន ដែលអ៊ុយក្រែនបានរំពឹងមុននេះថានឹង ទទួល យ៉ាងហោចចំនួនច្រើនដល់៦០គ្រឿង។ ប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនរំពឹងថា ការធ្វើចម្បាំងក្នុងសង្គ្រាមអ៊ុយក្រែននឹងអាចជួយកែស្ថាន ការណ៍ឱ្យអ៊ុយក្រែន នឹងអាចមានប្រៀបលើរុស្ស៊ី តាមរយៈជួយផ្គត់ផ្គង់ យន្តហោះចម្បាំងទំនើប F16 ដល់រដ្ឋាភិបាលក្រុងគៀវ។

ក្រុមប្រទេសលោកខាងលិចបាននិយាយថាយន្តហោះ F16 អាចមានលទ្ធភាពវាយរុញច្រាន បណ្តេញយន្តហោះចម្បាំងរុស្ស៊ី ឱ្យចេញឆ្ងាយពីព្រំដែនអាកាសរបស់អ៊ុយក្រែនផង, អាចកំ ណត់គោលដៅវាយ ប្រហារដាក់លើសត្រូវនិងមានប្រសិទ្ធភាព បាញ់ទម្លាក់គ្រាប់មីស៊ីលរបស់ រុស្ស៊ីបានថែមទៀត។ ប៉ុន្តែលោ កវ្លាឌីមៀរ ពូទីន បានថ្លែងព្រមានកាលពីចុងខែមីនា កន្លងមកនេះថា «ពិតមែនហើយ ប្រសិនណាបើយន្តហោះ F16 ដែលប្រើប្រាស់នោះ មកពីព្រលានយន្តហោះក្នុងប្រទេសទីបី, យន្តហោះនោះនឹងក្លាយជាគោលដៅកម្ទេចរបស់យើងជាមិនខាន បើទោះបីជាយន្តហោះទាំងនោះ អាចស្ថិតនៅទីតាំងកន្លែងណាមួយក៏ដោយ»

រុស្ស៊ីត្រូវគេកត់សម្គាល់ថា បានប្រើប្រាស់ដ្រូន Shahed វាយប្រហារដាក់លើទឹកដីអ៊ុយក្រែន ចាប់តាំងពីមានសង្គ្រាមមក សរុបចំនួនយ៉ាងហោច៤ពាន់៥៤០គ្រឿងរួចមកហើយ ដែលការ វាយប្រហារទាំងនោះ បានធ្វើឱ្យខូចខាតដល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនតាមបណ្តា ក្រុងនិងបានធ្វើឱ្យមានមនុស្សស្លាប់និងរងរបួសថែមទៀត។

លោកហ្សេឡិនស្គីធ្លាប់បានថ្លែងកាលពីថ្ងៃទី៣ មេសាបញ្ជាក់ថា គ្រាន់តែនៅ ក្នុងខែមីនាកន្លងមកនេះ, រុស្ស៊ីបានទម្លាក់គ្រាប់ចុចបញ្ជាពីអាកាស Guided Arial Bombs ជាង៣ពាន់គ្រាប់, វាយប្រហារដោយដ្រូនចំនួន៦០០គ្រឿង និងបាញ់មីស៊ីលដាក់មកអ៊ុយក្រែនចំនួន៤០០ គ្រាប់ថែមទៀត។ លោក Zelensky កាលពីថ្ងៃអាទិត្យទី៧ មេសានៅបានថ្លែងដាស់តឿនទៀតថា «ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ រុស្ស៊ីនឹងទទូចកាន់តែខ្លាំង ក្នុងការអូសទាញអាវុធនុយក្លេអ៊ែររបស់ខ្លួន ចូលទៅក្នុងការជជែកពិភាក្សា ដែលជាអំពើគំរាមកំហែងមួយក្នុងល្បែងពិភាក្សាលើបញ្ហានេះ»