(អង់ការ៉ា)៖ ក្រសួងពាណិជ្ជកម្មតួកគី បានប្រកាសនៅថ្ងៃអង្គារនេះថា តួកគីនឹងដាក់កំហិតលើការនាំចេញផលិតផលជាច្រើន ទៅកាន់អ៉ីស្រាអែល រហូតទាល់តែបទឈប់បាញ់ត្រូវបានប្រកាសក្នុងតំបន់ហ្គាហ្សា នៅក្នុងចំណាត់ការលើកដំបូងរបស់ទីក្រុងអង់ការ៉ា​ ប្រឆាំងអ៉ីស្រាអែលបន្ទាប់ពី ៦ខែនៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤។

ក្រសួងពាណិជ្ជកម្មតួកគី បានឱ្យដឹងថា ការដាក់កំហិតត្រូវចូលជាធរមានចាប់ពីថ្ងៃអង្គារនេះតទៅ ហើយវាបានកើតឡើង បន្ទាប់ពីអ៉ីស្រាអែល បដិសេធលើសំណើរបស់ខ្លួន ដើម្បីចូលរួមក្នុងការទម្លាក់ជំនួយមនុស្សធម៌តាមអាកាស ទៅឱ្យប្រជាជនប៉ាឡេស្ទីន។ ការដាក់កំហិតនឹងត្រូវធ្វើឡើង ទៅលើផលិតផលចំនួន ៥៤មុខផ្សេងៗគ្នា រួមមានដែក ថ្មម៉ាប ដែកថែប ស៉ីម៉ង់ត៍ អាលុយមីញ៉ូម ឥដ្ឋ ជីកសិកម្ម ប្រេងឥន្ធនៈយន្តហោះ និងច្រើនទៀត។ សេចក្តីថ្លែងការណ៍ក្រសួងបានបញ្ជាក់ថា «ការសម្រេចនេះនឹងបន្តមានសុពលភាព រហូតដល់អ៉ីស្រាអែល នៅក្រោមកាតព្វកិច្ចរបស់ខ្លួនដែលផ្អែកលើច្បាប់អន្តរជាតិ ប្រកាសបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា ហើយអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ឥតឈប់ឈរ ចូលទៅកាន់ទីនោះ»

គួរបញ្ជាក់ថា តួកគី បានថ្កោលទោសសកម្មភាពរបស់យោធាអ៉ីស្រាអែលនៅហ្គាហ្សា និងអំពាវនាវជារឿយៗឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយថែមទាំងគាំទ្រចំណាត់ការប្រឆាំងអ៉ីស្រាអែល នៅតុលាការអន្តរជាតិ ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៀតផង៕