(អ៉ីស្លាម៉ាបាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានលើកឡើងថា កិច្ចពិភាក្សាមួយ ត្រូវការឱ្យមានដើម្បីដោះស្រាយបញ្ហាប៉ះទង្គិចគ្នា រវាងគូជម្លោះប៉ាគីស្ថាន-ឥណ្ឌា អំឡុងពេលដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ធ្វើទស្សនកិច្ចនៅទីក្រុងរីយ៉ាដ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយ ការិយាល័យការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា «ភាគីទាំងពីរបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃកិច្ចពិភាក្សារវាងប៉ាគីស្ថាន និងឥណ្ឌា ដើម្បីដោះស្រាយបញ្ហាចម្បងៗ រវាងប្រទេសទាំងពីរ ជាពិសេសជម្លោះលើតំបន់ Jammu និង Kashmir ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់»

លោក Sharif និងព្រះអង្គម្ចាស់ bin Salman ក៏បានជជែកគ្នាផងដែរ អំពីផែនការពន្លឿនការវិនិយោគ គិតជាទឹកប្រាក់ ៥ពាន់លានដុល្លារ ខណៈប៉ាគីស្ថានកំពុងជាប់គាំងជាសាច់ប្រាក់ ដែលត្រូវការយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ឱនភាពសាច់ប្រាក់ ហើយទឹកប្រាក់វិនិយោគនោះទៀតសោត នឹងផ្តល់សញ្ញាដល់មូលនិធិរូបិយវត្ថុអន្តរជាតិថា ខ្លួនអាចបន្តបំពេញតាមតម្រូវការ សម្រាប់ហិរញ្ញប្បទានបរទេស ដែលជាតម្រូវការសំខាន់នៅក្នុងកញ្ចប់ថវិកាសង្គ្រោះកន្លងមក។

គួរបញ្ជាក់ថា នៅតែមានការទាមទារចំណែកទឹកដី នៅតំបន់ជម្លោះជួរភ្នំហិម៉ាឡៃនៃតំបន់ Kashmir ទោះបីជាឥណ្ឌា និងប៉ាគីស្ថានបានគ្រប់គ្រងដោយផ្នែក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧៕