(បាងកក)៖ រដ្ឋមន្រ្តីការបរទេសថៃនាថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសថៃបានត្រៀមលក្ខណៈ ដើម្បីទទួលយកមនុស្សបានរហូតដល់ ១០០,០០០នាក់ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ខណៈការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូប្រឆាំងរបបសឹក នៅក្បែរតំបន់ព្រំប្រទល់រវាងប្រទេសទាំងពីរ កំពុងតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara បាននិយាយដូច្នេះថា «យើងបានត្រៀមលក្ខណៈមួយរយៈដែរមកហើយ ដោយយើងមានសមត្ថភាព អាចទទួលយកមនុស្សប្រមាណ១០០,០០០នាក់ ឱ្យមកស្នាក់នៅក្នុងតំបន់សុវត្ថិភាពរបស់ថៃ ជាបណ្តោះអាសន្ន»។ ប្រទេសថៃមានព្រំប្រទល់ប្រវែង២,៤០០គីឡូម៉ែត្រ ជាប់ជាមួយមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងសង្រ្គាមស៉ីវិល ចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៉ីវិល កាលពីឆ្នាំ២០២១មក។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនខែមកនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ បានប្រឈមនឹងការគំរាមកំហែងខ្លាំងធ្ងន់ធ្ងរបំផុត ស្របពេលដែលការប្រយុទ្ធគ្នា ជាមួយក្រុមចលនាតស៊ូប្រឆាំងរបបសឹក បានរីករាលដាលនៅប៉ែកជាច្រើននៃផ្ទៃប្រទេស ដល់បណ្តាតំបន់ដែលពីមុន​ធ្លាប់តែមានសន្តិភាព។ កាលពីចុងសប្តាហ៍កន្លងទៅ មានសេចក្តីរាយការណ៍ អំពីការប៉ះទង្គិចគ្នាខ្លាំងនៅក្បែរក្រុង Myawaddy របស់មីយ៉ាន់ម៉ា ដែលនៅជាប់ក្រុង Mae Sot របស់ថៃ។ ក្នុងថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin និងក្រុមមន្រ្តីជាន់ខ្ពស់ថៃ ក៏បានបើកកិច្ចប្រជុំស្តីពីបញ្ហាព្រំដែនជាប់មីយ៉ាន់ម៉ា ផងដែរ៕