(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសាទរចំពោះការចូលទៅដល់នៃរថយន្តដឹកជំនួយមនុស្សធម៌ជាង ៣០០គ្រឿងក្នុងតំបន់ហ្កាហ្សា ប៉ុន្តែថាខ្លួន កំពុងជំរុញឱ្យអ៉ីស្រាអែលបង្កើនចំនួនបន្ថែមដល់ ៣៥០គ្រឿងក្នុងមួយថ្ងៃ ខណៈកិច្ចចរចាកំពុងបន្តលើការដោះលែងចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យសេតវិមាន លោក John Kirby និយាយថា ប្រមុខចារកម្មអាមេរិក (CIA) លោក William Burns ស្ថិតនៅឯទីក្រុងគែរ នៃប្រទេសអេហ្ស៉ីបជាងមួយ សប្តាហ៍មកហើយ សម្រាប់កិច្ចពិភាក្សាដ៏សំខាន់លើការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ក្នុងតំបន់ហ្កាហ្សា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងសម្រេចបាន កិច្ចព្រមព្រៀងមួយដែលរួមបញ្ចូលបទឈប់បាញ់ រយៈពេលប្រហែល ៦សប្តាហ៍នៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស។

លោក Kirby បានបន្ថែមថា ទីក្រុងវ៉ាស៉ីនតោនចង់ឃើញរថយន្តដឹកជំនួយក្នុងចំនួនថេរពី ៣០០ទៅ ៣៥០គ្រឿងចូលក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ហើយ ការការពារសុវត្ថិភាពបុគ្គលិកផ្តល់ជំនួយកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅទីនោះ។

គួរបញ្ជាក់ថា ទោះជាមិនបានផ្តល់ព័ត៌មានលម្អិត លោក Kirby បានឱ្យដឹងថា ប្រធានទីប្រឹក្សាសន្តិសុខនៃសេវិមាន លោក Jake Sullivan គ្រោងជួបមេដឹកនាំ គណបក្សប្រឆាំងនៅអ៉ីស្រាអែល លោក Yair Lapid ក្នុងសប្តាហ៍នេះ នៅពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៉ីនតោន៕