(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានគម្រប់ខួប ៦ខែ ហើយក៏បានឈានចូលដល់ខែទី៧ ផងដែរកាលពីថ្ងៃទី៧ ខែមេសា។ ខណៈចំនួនអ្នកស្លាប់ ក្នុងតំបន់ហ្កាហ្សា បន្តកើនឡើងជារៀងៗរាល់ថ្ងៃ វាក៏បានបង្ហាញដែរថាអ៉ីស្រាអែលមិនមានផែនការជាក់លាក់ដើម្បីត្រូវបញ្ចប់សង្រ្គាមដោយរបៀបណា ឬក៏មានផែនការ សម្រាប់អ្វីដែលអាចកើតឡើងបន្ទាប់នោះទេ។ បើតាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីន ៣៣ ១៧៥នាក់ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងជាង ៧៥ ៨៨៦នាក់ រងរបួស ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក។

ការប្ដេជ្ញាចិត្តរបស់អ៉ីស្រាអែលដើម្បីកម្ទេចក្រុមហាម៉ាស ដោយមិនខ្វល់ពីការស្លាប់របស់ជនស៊ីវិល បានបន្សល់ទុកឱ្យអ៉ីស្រាអែលឯកោនៅលើឆាកអន្តរជាតិ ដោយក្នុងនោះ រដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធពីស្ទើរគ្រប់ទិស។ ចំណែក បណ្ដាអង្គការអន្តរជាតិ និងប្រទេសមួយចំនួនដូចជា អាហ្វ្រិកខាងត្បូង បានចោទប្រកាន់អ៉ីស្រាអែលត្រង់ៗថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ហើយសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធក៏ចាប់ផ្ដើមរិះគន់ អ៉ីស្រាអែលដែរ ចំពោះមុខការអំពាវនាវកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសឱ្យបញ្ឈប់ការផ្ដល់អាវុធដល់អ៉ីស្រាអែល។

គេនៅចាំបានថា នៅពេលប្រកាសធ្វើសង្រ្គាមភ្លាមៗក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថាសង្រ្គាមរបស់អ៉ីស្រាអែលមានគោលដៅធំ២ នោះគឺកម្ទេចក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងទាំងអស់ចេញពីកណ្ដាប់ដៃចលនាប្រដាប់អាវុធប៉ាឡេស្ទីន មួយនេះ។ ប៉ុន្តែ ៦ខែក្រោយមក អ៉ីស្រាអែលមិនទាន់អាចសម្រេចបានគោលដៅណាមួយនៅឡើយទេ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលយោធាអ៉ីស្រាអែលអះអាងពី ការសម្លាប់ក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ មេដឹកនាំកំពូលៗរបស់ហាម៉ាសក្នុងតំបន់ហ្កាហ្សាដូចជាលោក Yayha Sinwar នៅតែអាចរស់រានមានជីវិតនៅឡើយ ហើយចំណាប់ខ្មាំងប្រហែល១៣០នាក់ទៀត ក្នុងនោះមាន៩៩នាក់ដែលត្រូវបានគេជឿជាក់ថានៅមានជីវិត កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។

* គ្មានផែនការត្រូវបញ្ចប់សង្គ្រាមដោយរបៀបណា
អ្នកជំនាញជាច្រើនបានប្រាប់ទូរទស្សន៍ CNN ថាអ៉ីស្រាអែលកំពុងប្រឈមមុខនឹង «ស្ថានការណ៍មួយមិនអាចទៅរួច» ដោយសារតែការកំណត់គោលដៅសម្រាប់ខ្លួនឯង នោះគឺកម្ទេចក្រុមហាម៉ាស ដែលជាបេសកកម្មមួយមិនអាចសម្រេចបាន តែជាជម្រើសដ៏មានប្រជាប្រិយភាពមួយសម្រាប់នយោបាយក្នុងស្រុកអ៉ីស្រាអែល។ ហាម៉ាស បានកាន់កាប់តំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧មក ដោយគ្រប់គ្រងលើរដ្ឋាភិបាល សន្តិសុខ រួមទាំងប្រព័ន្ធសុខាភិបាល និងសង្គមក្នុងតំបន់មួយនេះ។ «អ៉ីស្រាអែល មិនអាចសម្រេចគោលដៅរបស់ខ្លួនក្នុងការកម្ទេចហាម៉ាសបានឡើយ ពីព្រោះថាហាម៉ាសគឺជាផ្នែកមួយនៃសមារណកម្មនៃសង្គមប៉ាឡេស្ទីន ទាំងនៅក្នុងតំបន់វែសប៊េង (West Bank) និងហ្កាហ្សា ហើយប្រជាប្រិយភាពរបស់ពួកគេក៏កាន់តែកើនឡើងក្នុងរយៈពេលជាច្រើនខែមកនេះ»។ នេះជាការលើកឡើងរបស់លោក Nathan Thrall ជាអ្នកជំនាញម្នាក់ខាងជម្លោះអារ៉ាប់ និងអ៉ីស្រាអែល មានមូលដ្ឋានក្នុងទីក្រុងហ្ស៊េរុយសាឡិម។

លោក Thrall បានបន្ថែមទៀតថា «នៅបន្ទាប់ពីអ៉ីស្រាអែលប្រកាសថាខ្លួនបានបំបាក់ក្រុមហាម៉ាសនៅភាគខាងជើងហ្កាហ្សា អ្នកបានឃើញហើយថាទាហានអ៉ីស្រាអែល បានស្លាប់ជារៀងរាល់សប្ដាហ៍។ ដូច្នេះនេះគឺជាភស្តុតាងមួយបង្ហាញថាហាម៉ាសនឹងបន្តនៅមានជីវិត នៅក្រោយសង្រ្គាមនេះ មិនថាអ៉ីស្រាអែលវាយលុក ឬមិនវាយលុកចូល ទីក្រុង Rafah នោះទេ ហើយវាក៏បញ្ជាក់ដែរថា ថ្នាក់ដឹកនាំអ៉ីស្រាអែល គ្មានផែនការជាក់លាក់ដើម្បីបញ្ចប់សង្រ្គាមនេះ»។ យល់ឃើញស្រដៀងគ្នានឹងលោក Thrall ដែរ លោក Khaled Elgind ជានាយកកម្មវិធីស្ដីពីកិច្ចការប៉ាឡេស្ទីន និងអ៉ីស្រាអែល-ប៉ាឡេស្ទីន នៃវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute) បាននិយាយថា «គោលដៅ កម្ទេចក្រុមហាម៉ាសជារឿងមិនអាចទៅរួចឡើយ ដ្បិតវាផ្ទុយពីតថភាពជាក់ស្ដែង នៅត្រង់ថាបើទោះជាអ្នកកម្ទេចហាម៉ាសបាន តែអ្នកនឹងបង្កើតរឿងមួយដ៏អាក្រក់នៅពេល អនាគត នោះគឺដោយសារតែមានមនុស្សស្លាប់លើស៣០ ០០០នាក់ និងកុមារកំព្រាជាង ១៧០០០នាក់... តើពួកគេនឹងយល់ឃើញបែបណាចំពោះសហរដ្ឋអាមេរិក និងអ៉ីស្រាអែល នៅពេលដែលពួកគេធំឡើង»?

* គ្មានទាំងផែនការសម្រាប់អនាគត
លោក Harel Chorev ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌល Moshe Dayan សម្រាប់ការសិក្សាពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកនៃសាកលវិទ្យាល័យ Tel Aviv បានប្រាប់ CNN ថាការខ្វះខាតផែនការជាក់លាក់របស់អ៉ីស្រាអែល កំពុងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានគូសបញ្ជាក់ដូច្នេះថា «មិត្តរបស់យើង ដូចជាអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងជាដើម មិនមានជំនឿលើរដ្ឋាភិបាល (លោក ណេតាន់យ៉ាហ៊ូ) ពីព្រោះពួកគេមិនបានដឹងថាតើរដ្ឋាភិបាល កំពុងធ្វើអ្វី? តើមានផែនការយុទ្ធសាស្ត្រសម្រាប់ក្រោយសង្រ្គាមបញ្ចប់ដែរទេ? ពោលគឺពួកគេមិនជឿទុកចិត្តថាយើងកំពុងធ្វើរឿងត្រឹមត្រូវឡើយ»។

លោក ណេតាន់យ៉ាហ៊ូ បានបញ្ចេញផែនការរបស់លោកសម្រាប់តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមជាមួយហាម៉ាសបិទបញ្ចប់ កាលពីចុងខែកុម្ភៈកន្លងទៅ ដោយអំពាវនាវឱ្យមាន ការរំសាយយោធាទាំងស្រុង ក្នុងតំបន់ហ្កាហ្សា និងបិទព្រំដែនភាគខាងត្បូងនៃតំបន់ហ្កាហ្សាជាប់ជាមួយអេហ្ស៉ីប ព្រមទាំងរុះរើ និងរៀបចំឡើងវិញនូវរដ្ឋបាលស៊ីវិល និងប្រព័ន្ធអប់រំ ក្នុងតំបន់ហ្កាហ្សា។ លោកក៏បានបដិសេធចោលផងដែរ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណ​ៈសំណើភាគច្រើនក្នុងផែនការរបស់លោក ណេតាន់យ៉ាហ៊ូ គឺផ្ទុយទាំងស្រុងទៅនឹង សំណើដែលលើកឡើងដោយតួអង្គសំខាន់ៗ នៅឯតុចរចារួមមានសហរដ្ឋអាមេរិក អេហ្ស៉ីប និងអេមីរ៉ាតអារ៉ាប់រួម ហើយថែមទាំងបន្តបដិសេធការពិចារណាលើសំណើដទៃ ពាក់ព័ន្ធនឹងអនាគតនៃតំបន់ហ្កាហ្សាទៀតផង។ នេះបើតាមលោក H. A. Hellyer ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់ខាងសន្តិសុខនៅវិទ្យាស្ថាន Royal United Services Institute (RUSI) មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ លើសពីនេះទៅទៀត លោក ណេតាន់យ៉ាហ៊ូ ក៏បានច្រានចោលដែរចំពោះសំណើឱ្យអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់ West Bank គ្រប់គ្រងតំបន់ហ្កាហ្សានៅពេលអនាគត។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា បាននិយាយថាអ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ នឹង ទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ក្នុងពេលដែលអ៉ីស្រាអែលបានដកកងទ័ពមួយចំនួនចេញពីទីក្រុង Khan Younis ស្ថិតនៅ ភាគខាងត្បូងហ្កាហ្សា។ ប៉ុន្តែ ជំហានដែលលោក ណេតាន់យ៉ាហ៊ូបានលើកឡើង ត្រូវបានគេប្រមើលមើលថាចង់សំដៅលើទីក្រុង Rafah​ ដែលលោកផ្ទាល់ធ្លាប់បាននិយាយថា ជ័យជម្នះរបស់អ៉ីស្រាអែលមិនអាចធ្វើទៅកើតទេ ប្រសិនបើមិនវាយលុកតាមជើងគោកចូលក្នុងទីក្រុងមួយនេះទេ៕