(ហ្គាហ្សា)៖ មន្ត្រីក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា គ្មានការរីកចំរើនណាមួយត្រូវបានគេកត់សម្គាល់ នៅក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងគែរ ដោយមានការចូលរួមដោយគណៈប្រតិភូមកពីអ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិកនោះទេ បើទោះបីជាប្រភពអេហ្ស៊ីបបាននិយាយថា សម្រេចបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២៤។

​មហាអំណាចលោកខាងលិចបានសម្តែងការខឹងសម្បារ ចំពោះអ្វីដែលពួកគេចាត់ទុកថា ជាការកើនឡើងដែលមិនអាចទទួលយកបាន នៅក្នុងចំនួនអ្នកស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីន និងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលបណ្តាលមកពីការវាយលុករបស់យោធាអ៊ីស្រាអែល ដើម្បីបំផ្លាញក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបដ៏តូចមួយ ដែលមានប្រជាជនរស់នៅយ៉ាងណែនតាន់តា​ប់។

អ៊ីស្រាអែល និងក្រុមហាម៉ាស់បានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការទៅដល់រប​ស់នាយក CIA លោក William Burns កាលពីថ្ងៃសៅរ៍ ដែលវត្តមានរបស់គាត់បង្ហាញពី សម្ពាធកាន់តែខ្លាំងឡើងរបស់អាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងដែលនឹងដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងផ្តល់ជំនួយដល់ជនស៊ីវិលដែលរងគ្រោះ។

មន្ត្រីក្រុមហាម៉ាស់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌអនាមិកថា «ទីតាំងរបស់កងកម្លាំងកាន់កាប់មិនបានផ្លាស់ប្តូរទេ ដូច្នេះគ្មានអ្វីថ្មីទេនៅក្នុងកិច្ចពិភាក្សាទីក្រុងគែរទេ»

គួរជម្រាបថា នៅថ្ងៃចន្ទដដែលនេះ ប្រភពសន្តិសុខអេហ្ស៊ីបពីរ និងប្រព័ន្ធផ្សព្វផ្សាយអេហ្ស៉ីប Al-Qahera បានរាយការណ៍ថា កិច្ចពិភាក្សានៅទីក្រុងគែរ សម្រេចបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

អេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែល បានព្យាយាមសម្របសម្រួលក្នុងកិច្ចចរចាជាច្រើនលើកកន្លងមកហើយ ប៉ុន្តែនៅមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងលើឈប់បាញ់នៅឡើយទេ ដោយក្នុងនោះលោក ណេតាន់យ៉ាហ៊ូអះអាងថានឹងមិនមានបទឈប់បាញ់ទេ បើមិនមាន ការដោះលែងចំណាប់ខ្មាំង។ ចំណែក ក្រុមហាម៉ាសវិញបានទទូចឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីតំបន់ហ្កាហ្សា៕