(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យភាគីចិន បន្តកិច្ចសន្ទនាជាមួយគ្នា ដើម្បីទប់ស្កាត់កុំឱ្យឧប្បត្តិហេតុដូចជា ការប៉ះទង្គិចរវាងនាវានិងទូក ព្រមទាំងការប្រើប្រាស់កាណុងបាញ់ទឹក ជាដើម កើតមានឡើងថែមទៀត នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។

លោក Marcos បាននិយាយថា ហ្វីលីពីននៅតែស្ម័គ្រចិត្តបន្តកិច្ចសន្ទនាជាមួយចិន ហើយកំពុងព្យាយាមប្រើប្រាស់គ្រប់ជម្រើសទាំងអស់ ដើម្បីជជែកគ្នាដោយសន្តិវិធី ជាមួយថ្នាក់ដឹកនាំប្រទេសចិន ក្រោមគោលបំណងកុំឱ្យភាពតានតឹង កាន់តែកើនឡើងកម្តៅខ្លាំងទៅៗ នៅតំបន់​ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ។ លោកប្រធានាធិបតីហ្វីលីពីន បានបន្ថែមថា ការធ្វើសមយុទ្ធយោធាដែនសមុទ្ររួមគ្នាថ្មីៗនេះ ជាមួយអូស្រ្តាលី ជប៉ុន និងសហរដ្ឋអាមេរិក នឹងអាចជួយកាត់បន្ថយឧប្បត្តិហេតុបែបនោះ ជាមួយចិននៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ យោធានៃប្រទេសទាំង៤ បានធ្វើសមយុទ្ធយោធារួមគ្នា ដែលមានការចូលរួមពី​នាវាចម្បាំងសរុប៥គ្រឿង នៅសមុទ្រចិនខាងត្បូង ខណៈក្នុងថ្ងៃជាមួយគ្នា ខាងកងទ័ពចិនក៏បានធ្វើសមយុទ្ធយាមល្បាតផ្លូវសមុទ្រ និង​ផ្លូវអាកាស នៅឯលំហសមុទ្រនោះផងដែរ។ ក្នុងសប្តាហ៍នេះ មេដឹកនាំជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងបើកកិច្ចប្រជុំកំពូល នៅឯទីក្រុងវ៉ាស៉ីនតោន ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ រួមមានទាំងឧប្បត្តិហេតុនាពេលថ្មីៗនេះ នៅតំបន់សមុទ្រចិនខាងត្បូង៕