(ហ៊្សេរុយសាឡិម)៖ ស្ថានការណ៍ធ្វើសង្គ្រាមក្នុងតំបន់ហ្គាហ្សា មានភាពប្រែប្រួលគួរឱ្យកត់សម្គាល់។ អ៊ីស្រាអែល បានកម្លាំងរបស់ខ្លួនចេញពីតំបន់ Khan Younis ខណៈមានសេចក្តីរាយការណ៍ថា ដោយសារ តែអ៊ីស្រាអែលរងសម្ពាធនយោបាយ ពីសហរដ្ឋអាមេរិក ប៉ុន្តែអ៊ីស្រាអែលនិយាយថាការដក កម្លាំងចេញនោះ គឺជាល្បិចយុទ្ធសាស្ត្រ ដែលត្រៀមនឹងយក ធ្វើប្រតិបត្តិការផ្សេងទៀតក្នុងនោះ រួមមានគម្រោងវាយលុកដាក់លើក្រុងរ៉ាហ្វា នៃទីតាំងចុងក្រោយរបស់តំបន់ហ្គាហ្សាស្ទ្រីបផង ដែរ។

កងកម្លាំងថ្មើរជើងអ៊ីស្រាអែល បានដកចេញពីក្រុង Khan Younis ក្រោយពេលមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ អស់រយៈពេលច្រើនខែកន្លងមក។ ការដកកងកម្លាំងនេះ ត្រូវគេ រាយការណ៍ថាដោយសារតែការរងសម្ពាធ ជាអន្តរជាតិជាពិសេសពីសហរដ្ឋអាមេរិក ប៉ុន្តែអ៊ី ស្រាអែលនិយាយថា វាជាការដកក្នុងល្បិចយុទ្ធសាស្ត្រ ដើម្បីត្រៀមធ្វើសកម្មភាព តាមកន្លែង ដទៃទៀតបន្ទាប់ពីមូលដ្ឋានរបស់ ក្រុមហាម៉ាស់នៅក្រុង Khan Younis ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ការដកកងកម្លាំងនេះផងដែរ បានធ្វើឡើងក្រោយមាន ការជជែកគ្នាតាមទូរស័ព្ទសប្តាហ៍មុន រវាងប្រធានាធិបតីអាមេរិកលោកចូបៃដិន ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក បានព្រមានដល់លោកណេ ថាន់យ៉ាហ៊ូ ត្រូវតែចាត់វិធានការដោះ ស្រាយលើវិបត្តិដែលអ៊ីស្រាអែលបានធ្វើដោយចិត្តឯង មកនេះបើពុំដូច្នោះទេ នឹងត្រូវតែប្រ ឈមផលវិបាកជាមិនខាន។ ការដកកងកម្លាំងអ៊ីស្រាអែល ក្នុងស្ថានការណ៍នាពេលនេះ បានទន្ទឹមនឹងការជជែកគ្នាក្នុងក្រុង គែ័រនៃប្រទេសអេហ្ស៊ីបដើម្បីស្វែងរក ការឈប់បាញ់នៅធ្វើបន្ត ខណៈតំណាងភាគីអ៊ីស្រាអែល និងក្រុងហាម៉ាសត្រូវគេឃើញថា បាននាំគ្នាធ្វើដំណើរទៅប្រទេសអេហ្ស៊ីប ដើម្បីការជជែកគ្នា សាជាថ្មី។

លោក ណេថាន់យ៉ាហ៊ូ បានបញ្ជាក់ច្បាស់ថាអ៊ីស្រាអែលនឹងមិនបញ្ឈប់ការ បាញ់គ្នាឡើយបើសិនណា គ្មានការប្រគល់ចំណាប់ខ្មាំងវិលត្រឡប់មកវិញនោះ។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងថា «ខ្ញុំបានបញ្ជាក់ច្បាស់ប្រាប់ទៅសហគមន៍អន្តរជាតិរួច ហើយថាវានឹងមិនមានការឈប់បាញ់គ្នាទេ បើគ្មានការប្រគល់ចំណាប់មកឱ្យវិញនោះឡើយ។ វានឹងមិនអាចកើតមានបានឡើយ ហើយនេះគឺជាគោលនយោបាយ របស់រដ្ឋាភិបាលអ៊ីស្រាអែល»។ លោក ណេថាន់យ៉ាហ៊ូ បានថ្លែងថាគោលនយោបាយនេះ គឺជាគោលនយោបាយ របស់សហរដ្ឋអាមេរិកផង និងជាគោលនយោបាយរបស់អ៊ីស្រាអែលផង និងលោកបានស្វាគមន៍ចំពោះលោកចូ បៃដិន ដែលលោកថា បានបញ្ជាក់ប្រាប់លោកប្រមាណ ២ថ្ងៃមុនមកនេះ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី៧ មេសា ថាកងពលធំលេខ ៩៨របស់ខ្លួន បានបញ្ចប់បេសកកម្មនៅក្នុងក្រុងខាន់យូនីស ហើយកងពលនេះ កំពុងចាកចេញ ពីទឹកដីកាហ្សាស្ទ្រីប ដើម្បីសម្រាកហើយត្រៀមលក្ខណៈ សម្រាប់ប្រតិបត្តិការនាពេលក្រោយទៀត។ កងពលធំលេខ ៩៨ គឺជាកងពល ដែលមានចំនួនទ័ព ច្រើនជាងគេបំផុតរបស់ យោធាអ៊ីស្រាអែល ដោយសារតែកងពលនេះ ត្រូវបានពង្រឹងដើម្បីធ្វើការប្រយុទ្ធជាមួយ ក្រុមហាម៉ាស់នៅ ក្នុងក្រុងខាន់យូនីស ចាប់តាំងពីខែមករា ២០២៤នោះមក។ ក្នុងប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ខាន់យូនីសនោះ អ៊ីស្រាអែលបាន អះអាងការទទួល ជោគជ័យរបស់ខ្លួនក្នុងរយៈពេលបួនខែ នៃការធ្វើប្រតិបត្តិការ ដោយកម្លាំងថ្មើរជើងរួមមាន ការ កម្ទេចគោលដៅសត្រូវ, កម្ទេចឃ្លាំង, កម្ទេចអាវុធ, កម្ទេចហេដ្ឋារចនាសម្ព័ន្ធក្រោមដី និង កម្ទេចទីតាំងបន្ទប់បញ្ជាការដ្ឋានសត្រូវ បានថែមទៀត។

ក្រុមសារព័ត៌មានស៊ីអិនអិន ដែលប្រចាំការនៅតាមព្រំដែនដែលមានច្រកសម្រាប់ឲ្យយោធា ចេញចូលទឹកដីកាហ្សានោះ បាននិយាយថាគេពុំទាន់បានសង្កេតឃើញ មានកងទ័ពជាទ្រង់ ទ្រាយធំចាកចេញ ពីទឹកដីកាហ្សានៅឡើយទេ ប៉ុន្តែបានសង្កេតឃើញរថក្រោះជាច្រើនត្រូវ បានដកចេញពីទីក្រុងខាន់យូនីស ពេញមួយយប់ ។ នៅពេលនេះ រថក្រោះទាំងនោះបានបោះ ទីតាំងនៅព្រំដែនរវាងតំបន់កាហ្សានិងអ៊ីស្រាអែល។ បើទោះបីជាមានការដកកងកម្លាំងរបស់ខ្លួន, កងពលធំ១៦២និងកងពលតូច Nahal ដែលជា កងកម្លាំងពិសេសនៅបន្តប្រតិបត្តិការក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ កងកម្លាំងអ៊ីស្រាអែល ត្រូវគេឃើញបានដាក់ពង្រាយនៅតាមផ្លូវច្រករបៀង Netzarim ដែលជា ផ្លូវបើកច្រកមួយខណ្ឌតំបន់ហ្គាហ្សាស្ទ្រីបជា២ចំណែកគឺតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូង។

ភាពប្រែប្រួលនៃស្ថានការណ៍នាំឱ្យ មានការដកកងកម្លាំងអ៊ីស្រាអែលនេះ ត្រូវគេរាយការណ៍ ថាដោយសាររដ្ឋាភិបាលក្រុង Tel Aviv បានរងនឹងសម្ពាធជាអន្តរជាតិ ជាពិសេសសម្ពាធពី សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលជាប្រទេសស្និទ្ធ និងធ្លាប់គាំទ្រអ៊ីស្រាអែលក្នុងការ ធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាសតាំងពីដើមរៀងមក ប៉ុន្តែសហរដ្ឋអាមេរិកនិងអង់គ្លេសបានខក ចិត្តចំពោះអ្វីដែលអ៊ីស្រាអែលមិនព្រមស្តាប់តាមការណែនាំ ដោយធ្វើឱ្យគ្រោះថ្នាក់នៃជីវិត មនុស្សកាន់តែកើនឡើងជាលំដាប់ និងក្រោយមកទៀតអំពើវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់បុគ្គលិកមនុស្សធម៌៧នាក់ នៃអង្គការ World Central Kitchen ដែលបង្កការខឹងសម្បារ កាន់តែខ្លាំងដាក់មកលើ រដ្ឋាភិបាលលោកណេថាន់យ៉ាហ៊ូ។ អំពើវាយប្រហារដាក់លើក្រុម បុគ្គលិកនៃអង្គការជំនួយមនុស្សធម៌ បានធ្វើឱ្យពិភពលោកថ្កោលទោសអ៊ីស្រាអែល និងចោទ ថាអ៊ីស្រាអែលគឺជាឧបសគ្គ នៃការកិច្ចព្រមព្រៀងស្នើឱ្យមានការឈប់បាញ់គ្នា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបដិសេធ។

លោកណេថាន់យ៉ាហ៊ូ បានថ្លែងថា «ខ្ញុំសូមបញ្ជាក់នូវរឿងមួយឱ្យបានច្បាស់លាស់ នោះគឺអ៊ី ស្រាអែលមិនមែនជាភាគីដែលរារាំង នូវកិច្ចព្រមព្រៀងនោះឡើយ។ គឺហាម៉ាស់ទេដែលរារាំង ចំពោះកិច្ចព្រមព្រៀងនោះ។ ការទាម ទារដ៏ហួសហេតុរបស់គេគឺ ក្នុងបំណងចង់ឱ្យសង្គ្រាម បញ្ចប់ដោយមិនឱ្យមានអ្វីទាំងអស់ ដោយឱ្យពួកគេបានរស់រាន, មានការកសាងសាឡើងវិញ ដោយនិងធ្វើឱ្យពួកគេអាចមានលទ្ធភាព បង្កគ្រោះថ្នាក់ដល់ពលរដ្ឋនិងទាហានរបស់យើង វិញ»

សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានហួសផុតកន្លះឆ្នាំហើយ ខណៈការប្តេជ្ញា របស់អ៊ីស្រាអែលបីខ ដើម្បីបន្សាបឥទ្ធិពលទឹកដី ហ្គាហ្សាដែល ក្រុមហាម៉ាស់ប៉ាឡេស្ទីនកាន់កាប់ នៅមិនទាន់បានសម្រេចទាំងស្រុងឡើយ។ រយៈពេល៦ខែនៃការប្រយុទ្ធគ្នាកន្លងមកនេះ, ការឈប់បាញ់បណ្តោះអាសន្ន មានតែមួយលើកគត់ គ្រាដែលចំណាប់ខ្មាំងប្រមាណជាង១០០ នាក់ត្រូវបានប្រគល់មកវិញជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើនរយនាក់មក វិញនិងលំហូរ នៃជំនួយមនុស្សធម៌ដ ល់ពលរដ្ឋប៉ាឡេស្ទីន។ កិច្ចប្រឹងប្រែងរកការផ្អាកបាញ់ បណ្តោះអាសន្ន ត្រូវបានប្រទេសសម្របសម្រូល ព្យាយាមធ្វើបន្តទៀត ប៉ុន្តែលក្ខខណ្ឌដាក់ ចេញដោយភាគីទាំង២ មិនត្រូវគ្នាឡើយ។ ក្រុមហាម៉ាសតម្រូវឱ្យមានការឈប់បាញ់ជានិរន្តន៍ និងការដកកងទ័ពចេញទាំងស្រុង ប៉ុន្តែអ៊ីស្រាអែលបដិសេធ ដោយចាត់ទុកថាការទទួលយក លក្ខខណ្ឌរបស់ហាម៉ាស់ គឺជាការនឹងអាចបង្កើតព្រឹត្តិការណ៍បង្ហូរឈាមសាជាថ្មីកើតឡើងទៀត។

លោក ណេថាន់យ៉ាងហ៊ូ ថ្លែងថា «ការព្រមចុះចាញ់ចំពោះការទាមទាររបស់ក្រុមហាម៉ាស់ នឹង ធ្វើឱ្យពួកគេអាចព្យាយាមធ្វើឱ្យ មានសាជាថ្មីនូវព្រឹត្តិការណ៍ឧក្រិដ្ឋថ្ងៃទី៧ តុលាម្តងហើយម្តងទៀត ដូចជាអ្វីពួកគេបានប្តេជ្ញាថានឹងធ្វើវាសាជាថ្មីទៀតនោះ»។ លោកថ្លែងបន្តថា «ក្រុមហាម៉ាស់សង្ឃឹមថា ការគាបសង្កត់ពីអន្តរជាតិនិងពីមជ្ឈដ្ឋាន ផ្ទៃក្នុង នឹង ធ្វើអ៊ីស្រាអែលចុះញ៉ម ធ្វើតាមអ្វីដែលពួកគេទាមទារចង់បាន»។ លោកណេថាន់យ៉ាហ៊ូ បញ្ជាក់ ត្រង់ចំណុចនេះវិញថា «វាមិនអាចកើតឡើងបានទេ»

ពីប្រទេសអេហ្ស៊ីបនោះមកវិញ, គណៈប្រតិភូក្រុមហាម៉ាស់ដែលបានទៅដល់ទីក្រុងគែរ បានប្រកាសថាពួកគេនឹងមិនដកថយ ពីការទាមទារឱ្យបញ្ចប់សង្រ្គាមអស់ទាំងស្រុង នៅហ្គាហ្សា, អ៊ីស្រាអែលត្រូវដកកងទ័ពរបស់ខ្លួនចេញពីហ្គាហ្សា និងការវិលត្រឡប់របស់ជនភៀសខ្លួន ប៉ាឡស្ទីនទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងអំពាវនាវដល់សហគមន៍អន្តរជាតិ សូមធ្វើការគាបសង្កត់ដាក់ លើក្រុមហាម៉ាស់ដែលបន្តចចេស នូវការដាក់លក្ខខណ្ឌរបស់ខ្លួនទៀតនោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា «អ៊ីស្រាអែលត្រៀមសម្រាប់រកកិច្ចព្រមព្រៀងមួយ ប៉ុន្តែអ៊ីស្រាអែលមិនត្រៀមនឹងចុះញ៉មចំពោះ ហាម៉ាសនោះឡើយ»។ លោក ណេថាន់យ៉ាហ៊ូ បានថ្លែងថា «ជំនួសនូវការគាប សង្កត់ជាអន្តរជាតិដែលសម្តៅផ្ទាល់ ដាក់មកលើអ៊ីស្រាអែលនិងតែងតែធ្វើឱ្យក្រុមហាម៉ាសរឹងរូសនោះ, សូមឱ្យសហគមន៍អន្តរ ជាតិធ្វើការគាបសង្កត់ដាក់ ទៅលើក្រុមហាម៉ាសនោះ វិញ ដែលប្រការនោះនឹងជួយឱ្យមាន ការដោះលែងចំណាប់ខ្មាំង»

ទោះជាមានការអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើការដាក់គំនាបមកលើក្រុមហាម៉ាសយ៉ាង ណាក្តី, ការប្រកាសដក កងកម្លាំងអ៊ីស្រាអែលក្នុងពេលនោះ ត្រូវគេនិយាយថា គឺជាអ៊ីស្រា អែលនោះទៅវិញទេ ដែលរងនឹងសម្ពាធជាអន្តរជាតិ និងបង្ខំចិត្តធ្វើការដកកងទ័ពរបស់ខ្លួន ក្នុងស្ថានការណ៍ចំពោះមុខនេះ។ ឧត្តមសេនីយ៍ទោ កងកម្លាំងការពារជាតិអ៊ីស្រាអែលលោក ហ៊ើហ្ស៊ី ហាឡេវី Herzi Haleviបាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថាក្រោយពេលដកកងទ័ពចេញពីក្រុងខាន់ យូនីស នោះរួច ក៏ក្រុមយោធាអ៊ីស្រាអែលនៅពុំទាន់អាច បញ្ឈប់បេសកកម្មសឹករបស់ខ្លួននៅ តំបន់កាហ្សាស្ទ្រីបនោះដែរ។

លោក Herzi Halevi បានថ្លែងថា «យើងនឹងមិនអាចទុកកងពលតូចហាម៉ាស់ធ្វើសកម្មភាព របស់ពួកបានដែរនៅក្នុង តំបន់ហ្គាហ្សាស្ទ្រីបបានឡើយ»។ លោកបានបញ្ជាក់ថា ផែនការយោធាអ៊ីស្រា អែលនៅក្នុងតំបន់ហ្គាហ្សា នៅមិនទាន់បាន សម្រេចជោគជ័យទាំងស្រុងឡើយដូចជាការប្រគល់មកវិញនូវចំណាប់ខ្មាំង, ការវិលត្រឡប់ ជនភៀសសឹកមកកាន់ តំបន់ភាគខាងជើង និងការរំលាយក្រុមហាម៉ាសចេញពីតំបន់ហ្គាហ្សា ឡើយ។

ក្នុងសំណួរឆ្លើយតបមួយអំពីឥទ្ធិពលនៃការដកកងកម្លាំងថ្មើរជើង ចេញពីតំបន់ខាន់យូនីសនា ភាគខាងត្បូងតំបន់ហ្គាហ្សានោះ, លោក Herzi Halevi បានថ្លែងថាសាខាយោធារបស់ក្រុម ហាម៉ាសត្រូវបានរារាំងហើយ, ភាគច្រើននៃអង្គភាពកងវរសេនាតូចរបស់ហាម៉ាស ត្រូវបានបំ ផ្លាញចោលនិងពួកគេ គ្មានសមត្ថភាពតតាំងប្រយុទ្ធបានទៀតឡើយ…ហើយពេលនេះក្រុមហាម៉ាស ដែលអាចមានលទ្ធភាពប្រយុទ្ធធំ ត្រូវបានបែកខ្ញែកគ្នាជាក្រុមតូចៗ។

ឧត្តមសេនីយ៍ទោកងកម្លាំងការពារជាតិអ៊ីស្រាអែលរូបនេះ បានថ្លែងថាកងកម្លាំងយោធាអ៊ី ស្រាអែលមិនទាន់បានចាកចេញពី តំបន់ហ្គាហ្សាស្ទ្រីបនៅឡើយទេ និងនៅមានកម្លាំងយោធា អ៊ីស្រាអែលជាច្រើននាពេលនេះ ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោកបានថ្លែងថា នេះជាសង្គ្រាមដ៏យូរមួយដែលគេមិនអាចរក្សាទំហំនៃកងកម្លាំងពង្រាយ បានដូចពីមុនឡើយ។ លោកថាសមិទ្ធផលជាច្រើនទៀត នឹងមកដល់នាពេលខាងមុខនេះ ដើម្បីឈានទៅដល់ជ័យជំនះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកណេ ថាន់យ៉ាហ៊ូ នៅជាមួយគ្នានេះបានបន្ទរអំពីសមិទ្ធ ផល របស់កងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេល៦ខែនៃការធ្វើសង្គ្រាមមកនេះ។ លោកណេថាន់យ៉ាហ៊ូបានថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃគំរប់៦ខែចាប់តាំងពីសង្គ្រាមបានកើតឡើង មក។ សមិទ្ធផលក្នុងសង្គ្រាមដែលយើងបានធ្វើមានភាពល្អប្រសើរក្រៃលែង។ យើងបាន កំចាត់ក្រុមវរសេនាតូចហាម៉ាសចំនួន ១៩អង្គភាពក្នុងចំណោម២៤អង្គភាពកងវរសេនាតូចរួម ទាំងសម្លាប់មេបញ្ជាការជាន់ខ្ពស់ហា ម៉ាស់មួយចំនួនថែមទៀត។ យើងបានសម្លាប់ និងធ្វើឱ្យ របួសនិងចាប់ខ្លួនក្រុមភេរវករហាម៉ាសសំខាន់ៗមួយចំនួន, យើងបានបោសសំអាតមន្ទីរពេទ្យ Shifa និងទីតាំងក្រុមភេរវករ ជាច្រើនទៀតផងដែរ, យើងបានកម្ទេចរោងចក្រផលិតគ្រាប់រ៉ុក្កែត, អាវុធ, គ្រាប់រំសេវ…និងយើងបន្ត បំផ្លាញប្រព័ន្ធពាក់ព័ន្ធ របស់វានៅក្រោមដី…ប៉ុន្តែតម្លៃដែល យើងបានចំណាយគឺជាតម្លៃដែល មានការឈឺចាប់និងគ្រាំគ្រាក្នុងចិត្តជាខ្លាំងណាស់។

ក្រុមហាម៉ាសបានថ្លែងថាក្នុងរយៈពេល៦ខែមកនេះ, អ៊ីស្រាអែលបានខាតបង់ប្រាក់៥៦ពាន់ លានដុល្លារក្នុងការធ្វើសង្គ្រាម និងថាអ៊ីស្រាអែលបាននិងកំពុង រងនូវឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ថែមទៀត។ មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ថា តើការដកកងកម្លាំងចេញនេះ អ៊ីស្រាអែលនឹងមាន គម្រោងយ៉ាងណាទៀត ចំពោះផែនការណ៍វាយលុកដាក់លើតំបន់ Rafah ដែលជាទីតាំងធំ ចុងក្រោយបង្អស់របស់ពលរដ្ឋភៀសខ្លួនប៉ាឡេស្ទីនឡើយ។ អ៊ីស្រាអែលបាននិយាយមុននេះ ថាការចូលលុកលុយ ក្នុងតំបន់រ៉ាហ្វា គឺជាប្រការចាំបាច់ដើម្បីសម្រេចនូវផែនការណ៍កំចាត់ក្រុម ហាម៉ាសចេញពីតំបន់ហ្គាហ្សា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានថ្លែងកាលពីថ្ងៃទី៧មេសាថា ការដកកងកម្លាំងចេញពីតំបន់ហ្គាហ្សា គឺដើម្បីត្រៀមរៀបចំ បេសកកម្មផ្សេងទៀត ក្នុងនោះរួមទាំងប្រតិបត្តិការចូលក្នុងតំបន់រ៉ាហ្វា ផងដែរ៕