(ប៉េកាំង)៖ ថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ នៅវៀតណាមកាលពីចុងឆ្នាំមុន លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងខ្ញុំបានរួមគ្នាប្រកាសបង្កើតសហគមន៍វាសនារួមចិន-វៀតណាមជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនងចិន-វៀតណាម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ កំពុងមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងស្មុគស្មាញ ហើយការគាំពាររបបសង្គមនិយម គាំពារស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាតិ ជាផលប្រយោជន៍រួមរបស់ចិននិងវៀតណាម។ ភាគីទាំងពីរគួរតែកសាងមនសិការនៃសហគមន៍វាសនារួមរវាងចិន-វៀតណាមដ៏រឹងមាំតាមរយៈការជឿទុកចិត្តគ្នាកម្រិតខ្ពស់ ពង្រឹងមូលដ្ឋានគ្រឹះនៃសហគមន៍វាសនារួមចិន-វៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ និងជំរុញការកសាងសហគមន៍វាសនារួមរវាងប្រទេសចិន និងវៀតណាមតាមរយៈពុទ្ធិនយោបាយកម្រិតខ្ពស់។

ជាការឆ្លើយតប លោក Vuong Dinh Hue បានថ្លែងថា ក្នុងនាមជាសមមិត្ត និងបងប្អូន បក្សនិងរដ្ឋាភិបាលវៀតណាម សូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសចិន ហើយសូមកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក។ នៅឆ្នាំនេះ មហាសន្និបាតនៃសភាទាំងពីរ របស់ចិនបានកំណត់គោលដៅដូចជា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដែលជាវិធានការប្រកប ដោយភាពច្នៃប្រឌិតថ្មីនៃសង្គមនិយម និងផ្តល់នូវបទពិសោធដ៏មានតម្លៃ សម្រាប់វៀតណាមរៀងសូត្រ។ ជឿជាក់ថា ប្រទេសចិននឹងកសាង ប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា តាមការគ្រោងទុក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃពិភពលោក៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន