(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែមេសា អាមេរិក ជប៉ុន អូស្រ្តាលី បានរួមសហការជាមួយហ្វីលីពីនធ្វើការសមយុទ្ធរួមលើសមុទ្រជាលើកដំបូង។ ប្រព័ន្ធសារព័ត៌មានហ្វីលីពីន បានលើកឡើងយ៉ាងកម្រោលថា ប្រទេសទាំងបួនរួមសហការបង្ហាញកម្លាំងយោធា គោលដៅគឺ ចង់ប្រកួតប្រជែងជាមួយចិន។ នៅថ្ងៃដដែល យុទ្ធភូមិភាគភាគខាងត្បូង នៃកងទ័ពរំដោះប្រជាមានិតចិន បានរៀបចំការយាមល្បាត លើដែនសមុទ្រ និងអាកាសនៅលំហសមុទ្រចិនខាងត្បូង ។ រាល់សកម្មភាពយោធាទាំងអស់ដែលប៉ុនប៉ងចូលមក កកូរកកាយស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង និងបង្ករឿងហេតុ កងកម្លាំងយោធាចិនសុទ្ធតែក្ដាប់ជាប់ទាំងអស់។

តាំងពីឆ្នាំមុនមក ហ្វីលីពីនបានបង្ករឿងជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដោយបានបំពានចូលលំហសមុទ្រនៅក្បែរកោះ Huang Yan និងថ្មប៉ប្រះទឹក Ren'ai ជាច្រើនលើក។ ពីកោះ Huang Yan ដល់ថ្មប៉ប្រះទឹក Ren'ai ពីថ្មប៉ប្រះទឹក Tie Xian ដល់ថ្មប៉ប្រះទឹក Hou Teng តើគោលបំណងរបស់ហ្វីលីពីន ដែលបានបង្ករឿង នៅលំហជាច្រើន នៃសមុទ្រចិនខាងត្បូងគឺជាអ្វី? អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនចង់បង្កអ្វីដែលហៅថា “បញ្ហាពិបាក” តាមរយៈការបង្ករឿងឥតឈប់ឈរ ប៉ុនប៉ងផ្សព្វផ្សាយបំផ្លើសបញ្ហាពិភាក្សា អំពីសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធរ។

ហ្វីលីពីននិយាយបានតែមាត់ថាចង់ស្វែងរកសន្តិភាពក្នុងតំបន់ ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ខ្លួនគឺបង្កការប៉ះទង្គិចបដិបក្ខគ្នា ។ មូលហេតុសំខាន់នៅពីក្រោយ គឺការញុះញង់ និងការគាំទ្រពីកម្លាំងខាងក្រៅដូចជាអាមេរិកជាដើម។ អ្នកវិភាគបានលើកឡើងថា លើវិស័យយោធានិងសន្តិសុខ ហ្វីលីពីនពឹងផ្អែកប្រទេសធំនៅខាងក្រៅយ៉ាងខ្លាំង ប្រទេសធំទាំងនេះ ក៏បានក្តាប់ជាប់ហ្វីលីពីនយ៉ាងជិតដិត តាមរយៈការផ្តល់ជំនួយ ធ្វើការសមយុទ្ធរួម និងការយាមល្បាតរួមតាមសមុទ្រជាដើម។ គោលនយោបាយ អំពីសមុទ្រចិនខាងត្បូង របស់ហ្វីលីពីន បាននិងកំពុងក្លាយជាឧបករណ៍រក្សា អនុត្តរភាពរបស់អាមេរិកសម្រាប់ គាបសង្កត់ប្រទេសចិនទៅហើយ។

លោក Marcos ប្រធានាធីបតីហ្វីលីពីនធ្លាប់អះអាងថា មិត្តនៅតំបន់ខាងក្រៅបាន “លើកឡើងដោយម្ចាស់ការថា ចង់ជួយយើង និងបំពេញតម្រូវការរបស់ហ្វីលីពីន ”។ ទាក់ទិននឹងសុន្ទរកថាគួរឱ្យអស់សំណើចបែបនេះ អ្នកវិភាគបាននិយាយផ្គើនថា ហ្វីលីពីនមិនមែនជាស្រីស្អាតដែលមានមន្តស្នេហ៍ម្នាក់ទេ ប្រទេសលោកខាងលិចទាំងនេះ មកសហការគ្នាពីទីឆ្ងាយ ក៏មិនមែនស្វែងរកចំណងមិត្តភាព និងក្តីស្រឡាញ់ជាមួយហ្វីលីពីនដែរ។

តាំងពីខែមេសាឆ្នាំនេះមក មេដឹកនាំរបស់ប្រទេសអាស៊ាន បាននាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ ទស្សនកិច្ចយ៉ាងញឹកញាប់របស់ ប្រទេសអាស៊ាន ជានិមិត្តសញ្ញាយ៉ាងពិតប្រាកដដែល បង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងចិននិងអាស៊ាន មានភាពកាន់តែជិតស្និទ្ធ។ អ្នកវិភាគបានលើកឡើងថា ចំណាប់អារម្មណ៍មេត្រីភាព របស់ប្រទេសអាស៊ាន ចំពោះអាមេរិកបានធ្លាក់ចុះ មូលហេតុគឺដោយមកពីពួកគេ បានចាប់អារម្មណ៍ដល់ថា នៅពីក្រោយហ្វីលីពីនដែលតែងតែបង្ក រឿងដោយគ្មានហេតុផល គឺការញុះញង់និងការបញ្ជាពីក្រោយរបស់ “មិត្តស្អាតៗ” ដូចជាអាមេរិកជាដើម។ រីឯទង្វើប្រកបដោយភាពនឹងនរ និងរឹងមាំរបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ទើបជាទង្វើដែលគាំពារសន្តិភាពក្នុងតំបន់ ហើយក៏សមស្របនឹងផលប្រយោជន៍ នៃបណ្តាប្រទេសនានាផងដែរ។

ដូច្នេះ អ្នកផងទាំងពួងបានមើលឃើញឈុតឆាកដ៏ប្រេះស្រាំបែបនេះ ពោលគឺ មួយផ្នែកប្រទេសអាស៊ានភាគច្រើនខិតខំប្រឹងប្រែង គាំពារសុខសន្តិភាពក្នុងតំបន់ ក្នុងន័យជំរុញ កិច្ចសហប្រតិបតិ្តការ ក្នុងតំបន់និងសមាហរណកម្មផ្នែកសេដ្ឋកិច្ច មួយផ្នែកទៀត ក្រោមការញុះញង់និងការទ្រទ្រង់ពីប្រទេសធំ នៅតំបន់ខាងក្រៅ ហ្វីលីពីនសុខចិត្តធ្វើជាកូនអុក បង្ករឿងនិងធ្វើឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូង មានភាពច្របូកច្របល់ ក៏ដូចជាធ្វើផ្ទុយនឹងគោលបំណងរួម របស់តំបន់ទាំងមូលផងដែរ។

សូមបញ្ជាក់ថា ហ្វីលីពីនជាសមាជិកនៃប្រទេសអាស៊ី ជាសមាជិកនៃសមាគមអាស៊ាន។ ដូច្នេះ ហ្វីលីពីនពិតជាត្រូវត្រឡប់ទៅ គ្រួសារធំនៅតំបន់អាស៊ីអាគ្នេយ៍ជាមិនខាន ពោលគឺត្រូវដើរតាមចរន្តប្រវតិ្តសាស្ត្រ ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន