(ស៉ីដនី)៖ នាយករដ្ឋមន្រ្តី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថា អ៉ីស្រាអែលមិនទាន់ផ្តល់ ការពន្យល់គ្រប់គ្រាន់នៅឡើយទេ ជុំវិញការស្លាប់របស់បុគ្គលិកផ្តល់ជំនួយក្នុងតំបន់ហ្គាហ្សា (Gaza) ខណៈអូស្រា្តលី បានតែងតាំងអតីតមន្រ្តីយោធាជាន់ខ្ពស់មួយរូប ឱ្យសិក្សាការស៉ើបអង្កេតរបស់អ៉ីស្រាអែលលើឧប្បតិ្តហេតុនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ ២០២៤។

កាលពីសប្តាហ៍មុន អ៉ីស្រាអែលថា ទាហានរបស់ខ្លួនច្រលំថាពួកគេកំពុងវាយប្រហារលើក្រុមហាម៉ាស ខណៈដែលការវាយប្រហារ តាមអាកាសនោះ បានត្រូវចំក្រុមការងារអន្តរជាតិនៃអង្គការ World Central Kitchen រួមទាំងលោក Zomi Frankcom ដែលជាជនជាតិអូស្រ្តាលី។ ក្រោយមកអ៉ីស្រាអែល បានបណ្តេញមន្រ្តីពីរនាក់ ហើយខ្លះទៀតត្រូវបានស្តីបន្ទោស។

លោក Albanese និយាយថា អ៉ីស្រាអែលចាំបាច់ត្រូវផ្តល់ព័ត៌មានបន្ថែមពីអ្វីដែលខ្លួននឹងធ្វើ ដើម្បីការពារកុំឱ្យហេតុការណ៍ ស្រដៀងគ្នានេះ កើតឡើងទៀត។ លោក Albanese បានប្រាប់ទូរទស្សន៍រដ្ឋថា «យើងរកមិនឃើញការពន្យល់គួរពេញចិត្តទេ ត្រង់ចំណុចនេះ។ យើងត្រូវការគណនេយ្យភាព តម្លាភាពពេញលេញ អំពីហេតុការណ៍នោះ ហើយខ្ញុំគិតថានោះជា អ្វីដែលសាធារណជនអូស្រ្តាលីចង់បាន»

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ អូស្រ្តាលីបានតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ ឱ្យសិក្សាអំពីការស៉ើបអង្កេតរបស់អ៉ីស្រាអែល ហើយផ្តល់អនុសាសន៍មកវិញថា តើដំណើរការស៉ើបអង្កេតពេញលេញឬនៅ និងថាតើត្រូវចាត់វិធានការអ្វីបន្ថែមទៀតដែរទៀតឬទេ ដើម្បីរកអ្នកទទួលខុសត្រូវចំពោះករណីនេះ៕