(វ៉ាស៉ីនតោន)៖ បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតមានឡើងចំលើទ្វីបអាមេរិកខាងជើង នាថ្ងៃចន្ទនេះ ដោយកន្លែងខ្លះនៅតំបន់នោះ នឹងអាចមើលឃើញព្រះអាទិត្យ ត្រូវព្រះចន្ទបាំងជិតឈឹង អស់រយៈពេលជាង៤នាទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។

ប្រសិនបើអាកាសធាតុអំណោយផល បាតុភូតសូរ្យគ្រាសខាងលើ នឹងអាចត្រូវមើលឃើញ នៅលើគន្លងផ្លូវមួយ ចាប់ផ្តើមពីប្រទេសម៉ិកស៉ិក រួចឆ្លងចូលសហរដ្ឋអាមេរិក មុនបន្តទៅកាន់កាណាដា។ ប្រជាជនប្រហែល៣២លាននាក់ នៅសហរដ្ឋអាមេរិក គឺរស់នៅតាមបណ្តោយគន្លង ដែលអាចមើលឃើញព្រះចន្ទបាំងព្រះអាទិត្យទាំងស្រុង ខណៈអ្នកដែលស្ថិតនៅកន្លែងដទៃទៀតនៃទ្វីបអាមេរិកខាងជើង អាចមើលឃើញបាតុភូតនោះ ក្នុងទម្រង់​ជាសូរ្យគ្រាសមិនពេញលេញ។

គួរបញ្ជាក់ថា វានឹងត្រូវប្រើពេលប្រហែលជា៨០នាទី គិតចាប់តាំងពីពេលព្រះចន្ទចាប់ផ្តើមរំកិលទៅបាំងព្រះអាទិត្យ រហូតដល់ពេលត្រូវបាំង​ជិតឈឹងទាំងស្រុង ហើយ៨០នាទីទៀត ដើម្បីឱ្យព្រះចន្ទចេញផុតពីមុខព្រះអាទិត្យវិញ។ បាតុភូតបាំងជិតទាំងស្រុងនោះ នឹងកើតឡើងនៅម៉ោង​១៖៣០នាទីរសៀលថ្ងៃចន្ទនេះ ហើយមានរយៈពេលអាចយូរបំផុតដល់៤នាទី និង២៨វិនាទី។ ពេលវេលានេះ គឺម៉ោងនៅទ្វីបអាមេរិកខាងជើង ដែលស្មើនឹងម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៩ ខែមេសា នៅប្រទេសកម្ពុជាយើង៕