(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយថា ឥឡូវគឺជាពេលវេលាល្អមួយ ដើម្បីបើកកិច្ចពិភាក្សាជាមួយ​ប្រទេសមីយ៉ាន់ម៉ា ខណៈរបបដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ នាពេលនេះ កំពុងចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងបទសម្ភាសមួយជាមួយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងដូច្នេះថា «របបដឹកនាំបច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា កំពុងចាប់ផ្តើមបាត់បង់កម្លាំងរបស់ខ្លួន ជាបណ្តើរៗហើយ។ យ៉ាងណាមិញ ទោះបីជាពួកគេ កំពុងចុះទន់ខ្សោយក៏ដោយ ពួកគេនៅតែមានអំណាច... នៅតែមានសព្វាវុធ។ ប៉ុន្តែប្រហែលជាគួរដល់ពេលហើយ ដែលត្រូវបោះដៃទៅរកពួកគេ ហើយស្វែងរកការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងមួយ»

គួរបញ្ជាក់ថា រយៈពេលជាច្រើនខែមកនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិងកំពុងស្ថិតក្នុងសមរភូមិដ៏តានតឹងជាមួយ ក្រុមចលនាតស៊ូ ដែលគាំទ្រ​ដោយរដ្ឋាភិបាលស្រមោល នៅប៉ែកជាច្រើននៃផ្ទៃប្រទេស ហើយបានបាត់បង់មូលដ្ឋានទ័ព និងក្រុងសំខាន់ៗជាបន្តបន្ទាប់ ក្នុងនោះរួមមាន​ទាំងក្រុងមួយ នៅជាប់ព្រំប្រទល់ប្រទេសថៃ កាលពីចុងសប្តាហ៍ កន្លងទៅនេះ។ វាគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់របបសឹកមីយ៉ាន់ម៉ា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះ៕