(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បាននិយាយថា អ៉ីរ៉ាក់យល់ព្រមបញ្ជូនប្រេងឥន្ធនៈ ១០លានលីត្រទៅកាន់តំបន់ហ្កាហ្សា ដើម្បីគាំទ្រ ដល់ប្រជាជនប៉ាឡេស្ទីននៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។

ការខ្វះខាតប្រេងឥន្ធនៈបានបញ្ឈប់ប្រតិបត្តិការមន្ទីរពេទ្យ ដំណើរការសង្គ្រោះបន្ទាន់ ប្រព័ន្ធទឹក និងហាងនំប៉័ងនៅហ្កាហ្សា។ លោក Sudani បានឱ្យដឹងបន្ថែមថា អ៉ីរ៉ាក់ក៏យល់ព្រម ទទួលយកអ្នករងរបួសប៉ាឡេស្ទីន មកពីតំបន់ហ្កាហ្សា និងផ្តល់ឱ្យពួកគេនូវការព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ ក៏ដូចជាមន្ទីរពេទ្យឯកជនផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខភិបាលប៉ាឡេស្ទីន ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ៦ខែមកនេះ មានប្រជាជនប៉ាឡេស្ទីន ៣៣,១៧៥នាក់ហើយបានស្លាប់ និង ៧៥,៨៨៦នាក់របួស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕