(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃចន្ទ ទី៨ ខែមេសានេះ ដើម្បីពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមក្រសួងការបរទេសរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

មុនការទៅដល់ទីក្រុងប៉េកាំងរបស់លោក Sergei Lavrov ទីក្រុងមូស្គូ បានឱ្យដឹងថាលោកប្រមុខការទូតរុស្ស៉ី នឹងត្រូវជួបពិភាក្សាជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ាង យី លើប្រធានបទក្ដៅៗជាច្រើន ក្នុងនោះរួមមានទាំងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា នៅក្នុងស្ថាប័នអន្តរជាតិនានាដូចជាអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20។

ដំណើរទស្សនកិច្ចរបស់លោក Lavrov នៅពេលនេះ កើតមានឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមីនាថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែឧសភាខាងមុខ ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនេះអាចនឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូងបំផុតរបស់លោក ពូទីន ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីកាលពីខែមីនា។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសពីទំនាក់ទំនងភាពជាដៃគូគ្មានព្រំដែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន បំពេញទស្សនកិច្ច ទៅកាន់ ទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងរុស្ស៉ីលើកទ័ពវាយលុកចូលអ៊ុយក្រែន ដែលទីក្រុងកៀវ និងលោកខាងលិចចាត់ទុកថាជាសង្រ្គាមឈ្លានពានដ៏ធំបំផុតមួយ ក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក៕