(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ នឹងទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ចំពោះមុខការរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ ធ្វើការកត់សម្គាល់បែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ចំពេលខួប ៦ខែនៃសង្រ្គាមហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស វាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ថ្លែងនាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «យើងនៅសល់តែមួយជំហាន ទៀតប៉ុណ្ណោះ នឹងទទួលបានជ័យជម្នះ»។ តាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ អ៉ីស្រាអែលបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងមួយ តែមិនមែនកំពុងត្រៀមខ្លួន ចុះចាញ់នោះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែល បាន និងកំពុងរងសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិ ជុំវិញការសម្លាប់បុគ្គលិកមនុស្សធម៌ ៧នាក់ របស់អង្គការ World Central Kitchen មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់យោធាអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា​កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។ ចំណែក នៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយលោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកប្រធានាធិបតីចូ បៃដិន ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយផងដែរ និងបានជំរុញឱ្យអ៉ីស្រាអែលការពារអាយុជីវិតជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ ប្រសិនបើមិនចង់ឃើញគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមហ្កាហ្សា ផ្លាស់ប្ដូរ៕