(គែរ)៖ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៉ីប Al-Qahera បានរាយការណ៍ នៅថ្ងៃចន្ទ ទី៨ ខែមេសានេះថាកិច្ចចរចាក្នុងទីក្រុងគែរ ដើម្បីស្វែងរកបទឈប់បាញ់មួយរវាង អ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា សម្រេចបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈសង្រ្គាមបានចូលដល់ខែទី៧ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយ Al-Qahera ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អេហ្ស៉ីបម្នាក់ ដែលបានបញ្ជាក់ទៀតថាក្រុមគណៈប្រតិភូកាតា និងហាម៉ាស បានចាកចេញពីទីក្រុងគែរ ហើយត្រូវបានរំពឹងថាអាចនឹងត្រឡប់មកវិញក្នុងរយៈពេល ២ថ្ងៃទៀត ដើម្បីសម្រេចលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ចំណែក ខាងគណៈប្រតិភូអាមេរិក និងអ៉ីស្រាអែលវិញត្រូវបានរំពឹងថានឹងចាកចេញពីរដ្ឋធានីអេហ្ស៉ីប ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ រីឯការពិគ្រោះយោបល់ត្រូវបានរំពឹងថា នឹងបន្តក្នុងរយៈពេល៤៨ម៉ោងខាងមុខ។

គួរបញ្ជាក់ថា អេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែល បានព្យាយាមសម្របសម្រួលក្នុងកិច្ចចរចាជាច្រើនលើកកន្លងមកហើយ ប៉ុន្តែនៅមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងលើឈប់បាញ់នៅឡើយទេ ដោយក្នុងនោះលោក ណេតាន់យ៉ាហ៊ូអះអាងថានឹងមិនមានបទឈប់បាញ់ទេ បើមិនមាន ការដោះលែងចំណាប់ខ្មាំង។ ចំណែក ក្រុមហាម៉ាសវិញបានទទូចឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីតំបន់ហ្កាហ្សា៕