(ហ្គាហ្សា)៖ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់ បាននិយាយនៅថ្ងៃអាទិត្យ ទី៧ មេសា ថា យោធាអ៊ីស្រាអែលបានដកកងទ័ពជើងគោកបន្ថែមទៀត ចេញពីភាគខាងត្បូង នៃតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្សល់ទុកតែកងពលតូចមួយប៉ុណ្ណោះនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងមិន​មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​ផ្តល់​ឱ្យ​ អំពី​មូល​ហេតុ​នៃ​ការ​ដក​ទាហាន ឬកាត់បន្ថយ​ចំនួន​ទាហាននោះ​ទេ។

ក្នុងពេលជាមួយគ្នា ប្រទេសអេហ្ស៊ីបកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាជុំថ្មីមួយក្នុងគោលបំណងឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយទាំងភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់បាននិយាយថា ពួកគេនឹងចូលរួម។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងមិនចុះចាញ់នឹងសម្ពាធអន្តរជាតិ ឬ «ការទាមទារជ្រុលនិយម» របស់ពួកហាម៉ាស ដែលជាចលនាអ៊ីស្លាមនិយម ដែលគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ។ មិនតែប៉ុណ្ណោះ នៅថ្ងៃអាទិត្យនេះ លោកបាននិយាយថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ណាមួយ ជាមួយនឹងក្រុមហាម៉ាសឡើយ លុះត្រាតែចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាទាំងអស់ ត្រូវបានដោះលែង។

វាមិនច្បាស់ទេថា តើការកាត់បន្ថយចំនួនកងទ័ពនេះ នឹងពន្យារពេលការលុកលុយចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលលោក Netanyahu និយាយថា ចាំបាច់ដើម្បីលុបបំបាត់ក្រុមហាម៉ាស់ ដែរឬទេ។

ប្រជាជនប៉ាឡេស្ទីននៅទីក្រុង Khan Yunis នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប ដែលរងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងប៉ុន្មានខែថ្មីៗនេះ បាននិយាយថា ពួកគេបានឃើញកងកម្លាំងអ៊ីស្រាអែលចាកចេញពីកណ្តាលទីក្រុង ហើយដកថយទៅកាន់តំបន់ភាគខាងកើត។

គួររំលឹកថា ការវាយលុករបស់អ៊ីស្រាអែលដែលបានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ត្រូវបានប្រមូលផ្តុំជាចម្បង នៅក្នុងតំបន់ភាគខាងត្បូងនៃហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

យោងតាមស្ថិតិរបស់អ៊ីស្រាអែល ចំណាប់ខ្មាំងជាង ២៥០ នាក់ត្រូវបានចាប់ខ្លួន ហើយមនុស្សប្រហែល ១,២០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ ដោយឡែក បើយោង​តាម​ក្រសួង​សុខាភិបាល​របស់​ហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ប៉ាឡេស្ទីន​ជាង ៣៣,១០០ នាក់​ត្រូវ​បាន​សម្លាប់ ​ក្នុង​ការ​វាយលុកសងសឹក​របស់​អ៊ីស្រាអែល។

ទីក្រុង Rafah បានក្លាយជាជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានស្វែងរកការជ្រកកោននៅតំបន់ក្បែរព្រំដែនអេហ្ស៊ីប៕