(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាមេរ៉ុន (David Cameron) បាននិយាយនៅក្នុងអត្ថបទកាសែតមួយនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ថា ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ីស្រាអែល គឺអាស្រ័យលើការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ចំពោះគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងបែបនេះពីសំណាក់រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ចំនួនប្រាំពីរនាក់ ក្នុងនោះរួមទាំងជនជាតិអង់គ្លេសបីនាក់ផងដែរ។

លោក Cameron បានសរសេរនៅក្នុងកាសែត Sunday Times ដូច្នេះថា «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ដែលយើងគាំទ្រ។ ប៉ុន្តែការគាំទ្ររបស់យើង មិនមែនមានន័យថា គ្មានលក្ខខណ្ឌនោះទេ»

លោកបានសង្កត់ធ្ងន់ថា យើងរំពឹងថាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យប្រកបដោយមោទនភាព និងជោគជ័យបែបនេះ (អ៊ីស្រាអែល) នឹងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ សូម្បីតែនៅពេលមានជម្លោះក៏ដោយ»។

គួរជម្រាបថា រដ្ឋាភិបាលអង់គ្លេស គឺសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលនាំឱ្យអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាម ដើម្បីលុបបំបាត់ក្រុមអ៊ីស្លាមប្រដាប់អាវុធមួយនេះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ វោហាសាស្ត្ររបស់រដ្ឋមន្ត្រីការបរទស លោក Cameron កាន់តែតឹងតែង លើស្ថានភាពមនុស្សធម៌ដ៏អាក្រក់ នៅក្នុងតំបន់ហ្គាហ្សា។

នៅថ្ងៃអាទិត្យនេះ លោកក៏បានព្រមានអំពីហានិភ័យ នៃភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរនៅហ្គាហ្សាផងដែរ ដោយជំរុញឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀត។ កាលពីថ្ងៃសៅរ៍ អង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់នាវាកងទ័ពជើងទឹកមួយគ្រឿង ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងដឹកបញ្ជូនជំនួយអន្តរជាតិទៅកាន់តំបន់ហ្គាហ្សាផងដែរ៕