(ឡុងដ៍)៖ ក្រសួងការបរទេសនិងក្រសួងការពារជាតិចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា នាវាយោធាអង់គ្លេសចំនួន ១គ្រឿង នឹងផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ Gaza Strip នៅក្រោមក្របខណ្ឌ នៃកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីជួយដល់ការបង្កើតច្រករបៀងដែនសមុទ្រថ្មីមួយ សម្រាប់បុព្វហេតុមនុស្សធម៌ នៅអំឡុងដើមខែឧសភា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា កិច្ចប្រឹងប្រែងពហុជាតិខាងលើ ដែលមានការចូលរួមពាក់ព័ន្ធ​ពីសំណាក់សហរដ្ឋអាមេរិក ស៉ីប រួមទាំងបណ្តាដៃគូផ្សេងៗទៀត នឹងអភិវឌ្ឍកំពង់ផែបណ្តោះអាសន្នថ្មីមួយ នៅជាប់ឆ្នេរ Gaza ជាដែនដីប៉ាឡេស្ទីន ដែលអ៉ីស្រាអែលកំពុងបន្តសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស។ លោក Cameron បានលើកឡើងយ៉ាងដូច្នេះថា «ស្ថានការណ៍នៅ Gaza គឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយលទ្ធភាពនៃគ្រោះទុរ្ភិក្ស គឺយ៉ាងពិតប្រាកដ។ ពួកយើងបន្តប្តេជ្ញានាំយកជំនួយទៅកាន់​អ្នកទាំងឡាយ ដែលត្រូវការវាជាចាំបាច់បំផុត»។

លោកប្រមុខការទូតចក្រភពអង់គ្លេស ក៏បានសន្យាថវិកាប្រមាណ៩.៧លានផោន ស្មើនឹង១២.២៦លានដុល្លារអាមេរិកផងដែរ សម្រាប់​បរិក្ខារប្រើប្រាស់ក្នុងការផ្តល់ជំនួយ និងសម្រាប់ឯកទេសបច្ចេកទេសផ្នែកឡូជីស្ទីគ (logistic) ដើម្បីជួយដល់កិច្ចប្រឹងប្រែងរៀបចំបង្កើត​ច្រករបៀងដែនសមុទ្រ ចេញពីប្រទេសស៉ីប (Cyprus) ទៅកាន់ Gaza។ កិច្ចផ្តួចផ្តើមនោះ នឹងមើលឃើញ ជំនួយត្រូវឆ្លងកាត់ការពិនិត្យ នៅក្នុងប្រទេសស៉ីប ហើយដឹកជញ្ជូនបន្តទៅកាន់ Gaza ផ្ទាល់ តាមរយៈកំពង់ផែបណ្តោះអាសន្នថ្មីរបស់អាមេរិក ដែលតែកំពុងសាងសង់ឡើង នៅជាប់ឆ្នេរតំបន់ Gaza ឬមួយក៏តាមកំពង់ផែ Ashdod ដែលអ៉ីស្រាអែល ទើបយល់ព្រមបើកឡើងវិញ។ រីឯរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា កំពង់ផែបណ្តោះអាសន្នថ្មីនោះ ក៏នឹងបម្រើជាកន្លែងទទួលយកជំនួយ ដែលដឹកតាមកប៉ាល់ មកពីសមុទ្រផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ការសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ចំនួន៧នាក់ ក្នុងនោះរួមមាន៣នាក់ ជាជនជាតិអង់គ្លេស ក្នុង​ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅតំបន់ Gaza បានបង្កឱ្យសហគមន៍អន្តរជាតិ មានការខឹងសម្បារជាខ្លាំង ហើយឈាន​ដល់ការបណ្តេញមន្រ្តីយោធាអ៉ីស្រាអែល២រូប៕