(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang នាថ្ងៃអាទិត្យនេះ បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកព្រមទាំងប្រទេសរបស់លោក គឺនឹងអាចក្លាយជាដៃគូ ជាជាងធ្វើជាគូសត្រូវនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

លោកនាយករដ្ឋមន្រ្តីចិន បានលើកឡើងដូចខាងលើ ក្នុងកិច្ចចាប់ផ្តើមនៃជំនួបទ្វេភាគី នៅទីក្រុងប៉េកាំង ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen។ ដោយកត់សម្គាល់អំពី អ្នកប្រើប្រាស់បណ្តាញអ៉ីនធើណិតចិនជាច្រើន នាំគ្នាតាមដានយ៉ាងដិតដល់ ចំពោះ​ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី Yellen ចាប់តាំងពីការមកដល់របស់លោកស្រី នៅឯទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ លោក Li បានអះអាងថា ប្រការនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីក្តីរំពឹងក៏ដូចជាក្តីសង្ឃឹម ចង់ឱ្យទំនាក់ទំនងចិន-សហរដ្ឋអាមេរិក មានភាពប្រសើរឡើង។

ក្នុងជំនួបខាងលើ លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានប្រាប់ទៅកាន់លោក Li ថា ការណ៍ដែលអាមេរិកនិងចិន ស្ម័គ្រចិត្តបើកកិច្ចសន្ទនាជាមួយគ្នា ទោះមានការលំបាកក៏ដោយ គឺបានជួយឱ្យទំនាក់ទំនង នៃប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ស្ថិតលើជំហរមានស្ថិរភាពជាងមុន ក្នុងពេល១ឆ្នាំចុងក្រោយនេះ។ លោកស្រី Yellen ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងផងដែរ កាលពីខែកក្កដា ឆ្នាំ២០២៣ ដើម្បីព្យាយាមស្តារទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក្រោយការកើនភាពតានតឹង ដែលបង្កឡើងដោយ​បញ្ហាជាច្រើន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានព្យាយាមគ្រប់គ្រងភាពតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ អំឡុងកិច្ចសន្ទនា តាមទូរស័ព្ទរយៈពេលជិត​២ម៉ោង ខណៈវាគឺជាកិច្ចពិភាក្សាគ្នាដោយផ្ទាល់លើកដំបូង​ រវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីកិច្ចប្រជុំកំពូល កាលពីខែវិច្ឆិកា ឆ្នាំមុន។ កាលពីសប្តាហ៍កន្លងទៅ ក្រុមមន្រ្តីយោធាអាមេរិកនិងចិន ក៏បានបើកកិច្ចពិភាក្សាគ្នា នៅរដ្ឋ Hawaii ផងដែរ ដែលផ្តោតទៅលើការរិះរក​មធ្យោបាយ ដើម្បីឱ្យភាគីទាំងពីរ អាចធ្វើប្រតបត្តិការដោយសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវវិជ្ជាវីវៈ៕