(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា រូបលោកសង្ឃឹមថា លោកហើយនិងប្រធានាធិបតីស្វីស លោកស្រី Viola Amherd នឹងអាចកំណត់កាលបរិច្ឆេទច្បាស់ ក្នុងពេលប៉ុន្មានថ្ងៃទៀត សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព ដែលត្រូវធ្វើឡើងនៅប្រទេសស្វីស ជាមួយបណ្តាប្រទេសចន្លោះ៨០ ទៅ១០០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បាននិយាយថា រូបលោករួមជាមួយលោកស្រីប្រធានាធិបតីស្វីស នឹងត្រូវតែឯកភាពគ្នាជាមុនសិនលើកាលបរិច្ឆេទ ហើយបន្ទាប់មកនឹងផ្ញើលិខិតអញ្ជើញឱ្យចូលរួម ទៅកាន់បណ្តាមេដឹកនាំពិភពលោក។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមដូច្នេះថា «យើងរំពឹងថានឹងមានការចូលរួមពីប្រទេសចន្លោះ៨០-១០០។ នេះគឺជាចំនួនប្រទេស ដែលខ្ញុំជឿជាក់ថា នឹងអាចយ៉ាងហោចណាស់ ព្យាយាមបង្ខំឱ្យរុស្ស៉ី ទទួលយកលក្ខខណ្ឌសន្តិភាពមួយ ដែលយុត្តិធម៌»។ លោក ហ្សេលេនស្គី មិនបានរៀបរាប់ថា ប្រទេសណាខ្លះ នឹងត្រូវអញ្ជើញឱ្យចូលរួមនោះទេ។

គួរបញ្ជាក់ថា រុស្ស៉ីធ្លាប់លើកឡើងថា កិច្ចប្រជុំស្វែងរកសន្តិភាពដូចខាងលើ នឹងជារឿងឥតប្រយោជន៍ ប្រសិនបើខ្លួនមិនចូលរួមឡើយនោះ។ ទីក្រុងកៀវបានស្នើឱ្យមានកិច្ចប្រជុំសន្តិភាពពិភពលោក ប៉ុន្តែកន្លងមកធ្លាប់បាននិយាយថា រុស្ស៉ីនឹងមិនទទួលបានការអញ្ជើញជាដាច់ខាត។ សង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យ​កងទ័ពរុស្ស៉ីចូលឈ្លានពាន ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួន៕