(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសនៅថ្ងៃសៅរ៍នេះថា នឹងតែងតាំងទីប្រឹក្សាពិសេសមួយរូបដើម្បីធ្វើការជាមួយអ៉ីស្រាអែល ដើម្បីធានាបាននូវទំនុកចិត្តក្នុងការស៉ើបអង្កេតលើការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់បុគ្គលិកផ្តល់ជំនួយ ៧នាក់រួមទាំងជនជាតិអូស្ត្រាលីម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ នៅឯទីក្រុង Adelaide ថា «រដ្ឋាភិបាល​នឹងតែងតាំទីប្រឹក្សា​ពិសេស​ម្នាក់​ ដែល​យើងបាន​ស្នើសុំ​ឱ្យ​អ៉ីស្រាអែល​ធ្វើ​ការ​ជាមួយ ដូច្នេះ​យើងអាច​ទទួល​បាន​ការ​ណែនាំ​អំពី​ភាព​សមស្រប​ពីដំណើរការ​ស៉ើបអង្កេតនេះ»។ លោកស្រី Wong បានបន្ថែមថា «យើង​ចង់​ឱ្យ​ទំនុក​ចិត្ត​ពេញលេញទៅលើ​តម្លាភាព និង​គណនេយ្យ​ភាព​ចំពោះការ​ស៉ើបអង្កេតណាមួយក៏ដោយ ហើយ​យើង​នឹងបន្ត​ធ្វើ​ការ​ដើម្បីសម្រេច​បាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានបណ្តេញមន្ត្រីពីរនាក់ និងបានធ្វើការថ្កោលទោសជាផ្លូវការលើក្រុមមេបញ្ជាការជាន់ខ្ពស់របស់ខ្លួន បន្ទាប់ពីការស៉ើបអង្កេតលើការវាយប្រហារតាមផ្លូវអាកាស ដែលបណ្តាលឱ្យទៅលើបុគ្គលិកផ្តល់ជំនួយ រួមទាំងជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Zomi Frankcom បានរកឃើញនូវកំហុសធ្ងន់ធ្ងរ និងការបំពាននីតិវិធី៕