(ម៉ានីល)៖ នៅថ្ងៃសៅរ៍នេះ ហ្វីលីពីន និងចិនបានបន្តចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នានៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ ២០២៤។

ទីក្រុងម៉ានីលថា នាវាឆ្មាំឆ្នេរសមុទ្រចិន ២គ្រឿងបានយាយីកប៉ាល់នេសាទហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ខណៈទីក្រុងប៉េកាំងវិញថា នាវារបស់ខ្លួនបានធ្វើការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះសកម្មភាពខុសច្បាប់។ តាមរយៈបណ្តាញសង្គម X អ្នកនាំពាក្យនៃឆ្មាំឆ្នេរសមុទ្រហ្វីលីពីន លោក Jay Tarriela បានបង្ហោះសារយ៉ាងដូច្នេះថា «នាវាចិនធ្វើជាបើកទៅឆ្ងាយដើម្បីបាញ់កាណុងទឹក និងគំរាមកំហែងមកលើអ្នកនេសាទហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Iroquois កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ»។ ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យនៃឆ្មាំឆ្នេរសមុទ្រចិន លោក Gan Yu បានបញ្ជាក់ថា ប្រតិបត្តិការរបស់ខ្លួនធ្វើឡើងតាមវិជ្ជាជីវៈ និងស្របតាមស្តង់ដារ។ កប៉ាល់ហ្វីលីពីន គឺជាកប៉ាល់របស់រដ្ឋាភិបាលដែលប្រើប្រាស់រូបភាពការពារការនេសាទ ដើម្បីធ្វើឱ្យខូចស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ មានសេចក្តីរាយការណ៍ជាញឹកញាប់អំពីការប្រឈមុខដាក់គ្នារវាងហ្វីលីពីន និងចិន ជាពិសេសនៅជុំវិញតំបន់ Second Thomas Shoal ហើយបន្ទាប់ពីហ្វីលីពីន ដាក់ពង្រាយបេសកកម្មផ្គត់ផ្គង់សម្រាប់ទាហានឈរជើងនៅលើនាវាចម្បាំងដ៏ចំណាស់ ដែលហ្វីលីពីនមានបំណងចតចោលនៅទីនោះកាលពីឆ្នាំ ១៩៩៩៕