(ហ្កាហ្សា)៖​ ក្រុមអ្នកចរចាអាមេរិក និងអ៉ីស្រាអែល ត្រូវបានរំពឹងថានឹងមានវត្តមានក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប នៅចុងសប្ដាហ៍នេះ ដើម្បីសាកល្បងជំរុញជាថ្មីឱ្យ មានបទឈប់បាញ់មួយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ដែលអូសបន្លាយពេលជិតកន្លះឆ្នាំ មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤។

នៅមុនជំនួបកើតឡើង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសអេហ្ស៉ីប និងកាតា ជាមួយការជំរុញឱ្យពួកគេដាក់សម្ពាធ លើក្រុមហាម៉ាសឱ្យទទួលយកបទឈប់បាញ់។ សហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប បានស្វះស្វែងរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអស់រយៈពេល ជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់សម្រេចបានលទ្ធផលជាដុំកំភួននោះទេ ចាប់តាំងពីមានបទឈប់បាញ់រយៈពេលមួយសប្ដាហ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

សេវិតមាន បានទទួលស្គាល់ថាកិច្ចចរចាអាចនឹងកើតឡើង នៅចុងសប្ដាហ៍នេះក្នុងទីក្រុងគែរ ប៉ុន្តែថានឹងមិនធ្វើអត្ថាធិប្បាយអ្វីទេចំពោះសេចក្ដីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលថានាយក CIA លោក William J. Burns នឹងមានវត្តមានចូលរួមក្នុងកិច្ចចរចានេះដែរ រួមជាមួយប្រមុខចារកម្មអ៉ីស្រាអែល លោក David Barnea នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al-Thani និងប្រមុខចារកម្មអេហ្ស៉ីប Abbas Kamel។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស​ បានចោទប្រកាន់ និងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការខ្វះភាពរីកចម្រើនក្នុងកិច្ចចរចា ដោយក្នុងនោះ ហាម៉ាសនៅតែប្រកាន់ជំហរទាមទារឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីតំបន់ហ្កាហ្សា៕