(គីតូ)៖ អាជ្ញាធរក្នុងប្រទេសអេក្វាទ័រ បានចូលចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក Jorge Glas ចេញពីស្ថានទូតម៉ិកស៉ិក កាលពីល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា (ម៉ោងក្នុងតំបន់) ដោយជំរុញឱ្យរដ្ឋាភិបាលម៉ិកស៉ិកប្រកាសផ្ដាច់ទំនាក់ទំនងការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Jorge Glas ជាអតីតអនុប្រធានាធិបតីអេក្វាទ័រ ដែលត្រូវបានតុលាការកាត់ទោសចំនួន២លើក ពីបទពុករលួយ បានសម្ងំរស់នៅក្នុងស្ថានទូតម៉ិកស៉ិក ប្រចាំទីក្រុងគីតូ ចាប់តាំងពីរូបលោកស្វែងរកសិទ្ធិជ្រកកោនកាលពីខែធ្នូ ឆ្នាំ២០២៣ ជាសំណើមួយដែលរដ្ឋាភិបាលម៉ិកស៉ិកបានទទួលយកកាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។ ប៉ុន្តែ អេកា្វទ័រចាត់ទុកការផ្ដល់សិទ្ធិជ្រកកោននេះជាទង្វើខុសច្បាប់។

ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានាធិបតីម៉ិកស៉ិក លោក Andres Manuel Lopez Obrador បាននិយាយថាប៉ូលិសអេក្វាទ័រ បានសម្រុកចូលទាំងកម្រោលក្នុងស្ថានទូតម៉ិកស៉ិកក្នុងទីក្រុងគីតូ មុននឹងឈានដល់ការចាប់ខ្លួនលោក Glas។ ការិយាល័យប្រធានាធិបតីអេក្វាទ័រ ក៏បានចេញ សេចក្ដីថ្លែងការណ៍មួយផងដែរ បញ្ជាក់ពីការចាប់ខ្លួនលោក Glas ដែលធ្លាប់កាន់តំណែងជាអនុប្រធានាធិបតី នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក Rafael Correa ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការចាប់ខ្លួននេះដែរ កើតមានឡើងចំពេលម៉ិកស៉ិក និងអេក្វាទ័រ កំពុងភាពតានតឹងការទូតនឹងគ្នា ដោយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អេក្វាទ័រ បានប្រកាសចាត់ទុកឯកអគ្គរដ្ឋទូតម៉ិកស៉ិក ប្រចាំទីក្រុងគីតូ ជាជនមិនត្រូវបានស្វាគមន៍ ហើយថាការសម្រេចចិត្តបែបនេះ ធ្វើឡើងដោយសារការអត្ថាធិប្បាយ មិនអាចទទួលយកបានរបស់លោកប្រធានាធិបតី Lopez Obrador។ ជាការឆ្លើយតប លោក Lopez Obrador បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសម៉ិកស៉ិក ផ្ដាច់ ទំនាក់ទំនងការទូតជាមួយអេក្វាទ័រ និងចាត់ទុកការចាប់ខ្លួនលោក Glas ជាទង្វើផ្ដាច់ការ និងបំពានលើច្បាប់អន្តរជាតិ ព្រមទាំងអធិតេយ្យរបស់ម៉ិកស៉ិក៕