(ម៉ានីល)៖ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន រួមទាំងហ្វីលីពីន នឹងធ្វើសមយុទ្ធជើងទឹក និងអាកាសរួមគ្នា នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈពួកគេកំពុងព្យាយាមទប់ទល់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ប្រមុខការពារជាតិនៃប្រទេសទាំង៤ បានគូសបញ្ជាក់ដូច្នេះថា «ជាការបង្ហាញពីការប្ដេជ្ញាចិត្តសមូហភាពរបស់យើងដើម្បីពង្រឹងកិច្ចសហការ តំបន់ និងអន្តរជាតិ ក្នុងការគាំទ្រដល់សេរីភាព និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបើកចំហ កងកម្លាំងប្រដាប់អាវុធរួមគ្នារបស់យើងនឹងដឹកនាំសកម្មភាពកិច្ចសហប្រតិបតិ្តការសមុទ្រមួយ នៅក្នុងតំបន់ដែនសេដ្ឋកិច្ចផ្ដាច់មុខហ្វីលីពីន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤»។

សមយុទ្ធនេះនឹងត្រូវធ្វើឡើងក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំងអះអាងពីអធិបតេយ្យស្ទើរតែទាំងស្រុង តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងលោកប្រធានាធិបតី ចូ បៃដិន ត្រូវបើកកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំជប៉ុន និងហ្វីលីពីន។ កាលពីដើមសប្ដាហ៍កន្លងទៅ នាវាចម្បាំងអូស្ត្រាលី HMAS Warramunga បានធ្វើដំណើរទៅដល់ខេត្ត Palawan ប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងហ្វីលីពីន ឡើងកម្ដៅកាន់តែខ្លាំងក្នុងរយៈពេលមួយឆ្នាំមកនេះ ហើយជាការឆ្លើយតបសហរដ្ឋអាមេរិកបានស្វះស្វែងពង្រឹងសម្ព័ន្ធភាពរបស់ នៅក្នុងតំបន់ ក្នុងនោះរួមមានទាំងជប៉ុន និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាយោធាជាមួយទីក្រុងវ៉ាស៊ីនតោន៕