(បេរូត)៖ បេសកកម្ម​រក្សា​សន្តិភាព​​អង្គការ​សហប្រជាជាតិ (UN) បានឱ្យដឹងថា អ្នកសង្កេតការណ៍ UN ៣នាក់ និងអ្នកបកប្រែម្នាក់ត្រូវរងរបួសក្នុងពេលដែលគ្រាប់ផ្លោងមួយផ្ទុះនៅក្បែរពួកគេ ខណៈកំពុងអនុវត្តត្រួតពិនិត្យដោយថ្មើរជើង នៅឯភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៤។

សន្តិសុខ ២រូបបានប្រាប់ Reuters ថាអ្នកសង្កេតការណ៍បានរងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នៅខាងក្រៅទីក្រុងព្រំដែន Rmeish ដោយពេលនោះមានរថយន្តមួយគ្រឿង ដឹក​អ្នក​សង្កេតការណ៍​បច្ចេកទេស​ ៣នាក់ និង​អ្នក​បក​ប្រែ​ជនជាតិលីបង់ម្នាក់។

យោធាអ៉ីស្រាអែល ​បាន​បដិសេធ​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧប្បត្តិហេតុ​នោះដោយនិយាយថា ផ្ទុយពីសេចក្តីរាយការណ៍ កងកម្លាំងអ៉ីស្រាអែលមិនបានវាយប្រហារលើរថយន្តរបស់ UNIFIL ក្នុងតំបន់ Rmeish នោះទេ។

កងកម្លាំងបណ្តោះអាសន្នរបស់ UN នៅលីបង់ (UNIFIL) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការកំណត់គោលដៅលើកងរក្សាសន្តិភាពគឺ «មិនអាចទទួលយកបានឡើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្គាហ្សា អ៉ីស្រាអែល និងក្រុមហេសប៊ូលឡានៅក្នុងប្រទេសលីបង់បានបង្កើនការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន ដែលភាគច្រើនកើតឡើងនៅ​ឯភាគ​ខាង​ត្បូង៕