(អាំស្ទែដាំ)៖ ប៉ូលិស បានឱ្យដឹងថា មនុស្សមួយក្រុមត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅអគារមួយក្នុងទីក្រុងភាគកណ្តាលប្រទេសហូឡង់នាថ្ងៃសៅរ៍នេះ ដោយមានការជម្លៀសមនុស្សចេញពីផ្ទះ ហើយផ្នែកកណ្តាលទីក្រុងត្រូវបានបិទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៤។

ប៉ូលិស បានបង្ហោះសារលើបណ្តាញសង្គម X ថា មកទល់នឹងពេលនេះ ចំណាប់ខ្មាំង ៣នាក់ត្រូវបានដោះលែងហើយ ប៉ុន្តែឧប្បត្តិហេតុនៅតែបន្តកើតមាន។ បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក មនុស្សប្រហែលពី ៤ទៅ ៥នាក់ត្រូវបុរសម្នាក់ប្រដាប់ដោយអាវុធ និងគ្រឿងផ្ទុះ ចាប់ធ្វើជាចំណាប់ខ្មាំងនៅឯរបារ Petticoat។ កងកម្លាំងប៉ូលិសពិសេសជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងកើតហេតុ។ មនុស្ស ១៥០គ្រួសារត្រូវជម្លៀសខ្លួនចេញ ហើយសាធារណជនត្រូវបានស្នើឱ្យនៅឆ្ងាយពីទីតាំងនោះ។

គួរបញ្ជាក់ថា កន្លងមក ហូឡង់ក៏ធ្លាប់រកឃើញករណីវាយប្រហារ និងផែនការភេរវកម្មជាបន្តបន្ទាប់ ប៉ុន្តែមិនមានលក្ខណៈដូចប្រទេសអឺរ៉ុបផ្សេងទៀត តួយ៉ាងបារាំង ឬអង់គ្លេសនោះទេ៕