(លីម៉ា)៖ អាជ្ញាធរនៅក្នុងប្រទេសប៉េរូ បានចុះឆែកឆេរផ្ទះរបស់ប្រធានាធិបតី លោកស្រី Dina Boluarte នៅថ្ងៃសៅរ៍ ទី៣០ ខែមីនានេះ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ទាក់ទិននឹង អំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមឯកសារមួយរបស់ប៉ូលិសប៉េរូដែលទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបាន ក្រុមមន្ត្រី ៤០នាក់បានចូលរួមក្នុងប្រតិបត្តិការចុះឆែកឆេរ ដែលមានគោលដៅស្វែងរកនាឡិកាដៃ ម៉ាក Rolex ដែលលោកស្រី Boluarte មិនបានប្រកាសជាសាធារណៈឱ្យគេដឹង។

កាលពីដើមខែមីនានេះ អាជ្ញាធរប៉េរូបានបើកការស៊ើបអង្កេតមួយលើលោកស្រី Boluarte ក្រោយមានសេចក្ដីរាយការណ៍ថាលោកស្រីបានពាក់នាឡិកាដៃដ៏ប្រណិត មិនស្គាល់ប្រភព មកពីណា និងដែលលោកស្រីមិនបានប្រកាសឱ្យគេដឹងនោះទេ។ ប្រតិបត្តិការចុះឆែកឆេរនៅថ្ងៃសៅរ៍នេះ ធ្វើឡើងដោយមានការចូលរួមពីប៉ូលិស និងរដ្ឋអាជ្ញាប៉េរូ ហើយត្រូវបានផ្សាយ បន្តផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក channel Latina។

គួរបញ្ជាក់ថា លោកស្រី Boluarte បានឡើងកាន់តំណែងជាប្រធានាធិបតីប៉េរូ កាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីអតីតប្រធានាធិបតី លោក Pedro Castillo បានព្យាយាមរំលាយសភា តែមិនបានសម្រេច រហូតដល់ធ្វើឱ្យលោកអស់អំណាច និងត្រូវបានចាប់ខ្លួនភា្លមៗ៕