(មូស្គូ)៖ ក្រុមមន្ត្រីក្នុងប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា បានឱ្យដឹងថាពួកគេបានចាប់ខ្លួនមនុស្ស៣នាក់ ដែលប៉ុនប៉ងបើកការវាយប្រហារមួយ នៅភាគខាងត្បូងនៃប្រទេស មួយសប្ដាហ៍ប៉ុណ្ណោះក្រោយការវាយប្រហារភេរវកម្មនៅឯមហោស្រពប្រគំតន្ត្រីមួយ នៅជាយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បាននិយាយថាខ្លួនបានទប់ស្កាត់ទាន់ពេលនូវការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មដោយមនុស្ស៣នាក់ មកពីប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីកណ្ដាល។ FSB បន្ថែមទៀតថាជនសង្ស័យទាំង៣នេះ មានផែនការបើកការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែកនៅទីសាធារណៈមួយក្នុងទីក្រុង Stavropol។

គួរបញ្ជាក់ថា Stavropol គឺជាទីក្រុងមួយស្ថិតនៅតំបន់ North Caucasus នៃភាគខាងត្បូងប្រទេសរុស្ស៉ី និងមានព្រំដែនជាប់តំបន់ Dagestan និង Chechnya។ ការប្រកាសពី ការទប់ស្កាត់ការវាយប្រហារនេះដែរ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ១៤៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មលើមហោស្រពប្រគំតន្ត្រីមួយ ស្ថិតនៅជាយទីក្រុងមូស្គូ។ មនុស្ស១២នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន៤នាក់មកពីប្រទេសតាហ្ស៉ីគីស្ថាន ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ ក្រុម ISIS-K បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ តែលោក ពូទីន និងក្រុមមន្ត្រីរុស្ស៉ីបានទម្លាក់ការទទួលខុសត្រូវទៅលើអ៊ុយក្រែន និងលោកខាងលិច៕