(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសថាខ្លួននឹងដាក់ទណ្ឌកម្មរឹតត្បិតទិដ្ឋាការថ្មីមួយ លើមន្ត្រីហុងកុងមួយចំនួនដែល មានជាប់ពាក់ព័ន្ធនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាការបង្រ្កាបលើសិទ្ធិ និងសេរីភាព នៅក្នុងដែនដីគ្រប់គ្រងដោយចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាមួយឆ្នាំមកនេះ ចិននៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងស្វ័យភាពរបស់ទីក្រុងហុងកុង ស្ថាប័នប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិ និងសេរីភាព ក្នុងនោះរួមមានការអនុម័តច្បាប់សន្តិសុខជាតិថ្មីមួយ ឬហៅថាមាត្រា ២៣ជាដើម។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតប ក្រសួងការបរទេសអាមេរិកបានប្រកាសពីការចាត់វិធានការដាក់ទណ្ឌកម្មរឹតត្បិតលើទិដ្ឋាការថ្មីមួយលើមន្ត្រីហុងកុងជាច្រើនរូប ដែលទទួលខុសត្រូវលើការបង្កើន ការបង្រ្កាបលើសិទ្ធិ និងសេរីភាព»

សេចក្ដីថ្លែងការណ៍នេះ មិនបានបញ្ជាក់ពីឈ្មោះមន្ត្រីហុងកុងដែលស្ថិតនៅក្រោមគោលដៅនៃទណ្ឌកម្មនេះទេ។​ ប៉ុន្តែ កាលពីខែវិច្ឆិក ឆ្នាំមុន ហុងកុងបានថ្កោលទោសលើសេចក្ដីព្រាង ច្បាប់មួយស្ដីពីការដាក់ទណ្ឌកម្មមន្ត្រីហុងកុង៤៩នាក់ ក្នុងនោះរួមមានចៅ និងរដ្ឋអាជ្ញាដែលបានចូលរួមក្នុងសំណុំរឿងច្បាប់សន្តិសុខជាតិ ដោយនិយាយថាតំណាងរាស្ត្រកំពុងសម្លុត គំរាមទីក្រុងហុងកុង។

នៅពេលនោះដែរ ក្រុមមន្ត្រីហុងកុងមានឈ្មោះនៅក្នុងច្បាប់ Hong Kong Sanctions Act រួមមានលេខាធិការសម្រាប់យុត្តិធម៌ លោក Paul Lam មេប៉ូលិសហុងកុង លោក Raymond Siu និងចៅក្រមហុងកុងជាច្រើនរូបទៀត។ នៅក្រោមច្បាប់នេះ សហរដ្ឋអាមេរិកបានព្រមានថាស្ថាប័នហិរញ្ញវត្ថុបរទេសដែលមានទំនាក់ទំនងជាមួយក្រុមមន្ត្រីហុងកុងទាំងនេះ ក៏អាចប្រឈមមុខនឹងជាប់ទណ្ឌកម្មផងដែរ៕