(គូឡាឡាំពួ)៖ ក្រុមមន្ត្រីប៉ូលិស ក្នុងប្រទេសម៉ាឡេស៊ី បានឃាត់ខ្លួនបុរសប្រដាប់ដោយអាវុធម្នាក់ នៅឯសណ្ឋាគារមួយក្នុងទីក្រុងគូឡាឡាំពួ ដោយសង្ស័យថាបុរសមានវ័យ ៣៦ឆ្នាំរូបនេះជាចារកម្មរបស់អ៉ីស្រាអែល។ នេះបើតាមអគ្គស្នងការនគរបាលម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤។

អគ្គស្នងការនគរបាលម៉ាឡេស៊ី លោក Razarudin Husain បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនាថាបុរសខាងលើដែលត្រូវបានឆែកឆេររកឃើញ មានកាំភ្លើងខ្លី៦ដើម និងគ្រាប់កាំភ្លើង ២០០គ្រាប់ បានធ្វើដំណើរចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីថ្ងៃទី១២ ខែមីនា ដោយប្រើប្រាស់លិខិតឆ្លងដែនបារាំងក្លែងក្លាយ។ លោក Razarudin បានឱ្យដឹងទៀតថា នៅក្នុងពេលសួរចម្លើយ ទើបបុរសរូបនេះយល់ព្រមប្រគល់លិខិតឆ្លងដែន អ៉ីស្រាអែលឱ្យប៉ូលិស។​

តាមលោក Razarudin ប៉ូលិសម៉ាឡេស៊ី កំពុងបើកការស៊ើបអង្កេតលើលទ្ធភាពដែលបុរសម្នាក់នេះអាចជាសមាជិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល ទោះជា ជនសង្ស័យប្រាប់ប៉ូលិសថាខ្លួនចូលក្នុងប្រទេសម៉ាឡេស៊ី ដើម្បីតាមស្វែងរកជនជាតិអ៉ីស្រាអែលម្នាក់ ដោយសារតែជម្លោះគ្រួសារក៏ដោយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរម៉ាឡេស៊ី ក៏កំពុងប្រុងជើងការខ្ពស់ផងដែរ ក្រោយការឃាត់ខ្លួនបុរសខាងលើ ជាមួយការរឹតបន្តឹងសន្តិសុខការពារព្រះមហាក្សត្រម៉ាឡេស៊ី នាយករដ្ឋមន្ត្រី លោក Anwar Ibrahim និងមន្ត្រីជាន់ខ្ពស់។

គួរបញ្ជាក់ថា ម៉ាឡេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីន និងបានរិះគន់លើសកម្មភាពរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ ម៉ាឡេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែលនោះទេ ហើយបើតាមទីភ្នាក់ងារជនភៀសខ្លួន UN ម៉ាឡេស៊ីក៏បានផ្ដល់សិទ្ធិ ជ្រកកោនដល់ជនភៀសខ្លួនប៉ាឡេស្ទីន ៦០០នាក់ផងដែរ។ បើគេចាំមិនភ្លេចទេ កាលពីឆ្នាំ២០១៨ អ្នកវិទ្យាសាស្ត្រប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងទីក្រុងគូឡាឡាំពួ ដោយបុរស២នាក់មិនស្គាល់អត្តសញ្ញាណ ដែលក្រុមហាម៉ាសអះអាងថាជាចារកម្មអ៉ីស្រាអែល។ តែអ៉ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ៕