(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រសិនបើអ៊ុយក្រែនមិនអាចទទួលបានជំនួយយោធាថ្មី ដែលកំពុងជាប់គាំងដោយសារជម្លោះក្នុងសភាអាមេរិកទេ នោះកងកម្លាំងរបស់លោកអាចនឹងត្រូវបង្ខំចិត្តដកថយ ជាជំហានតូចៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Washington Post ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែមីនា។ លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើមិនមានការគាំទ្រពីសហរដ្ឋអាមេរិកទេ វាមានន័យថាយើងនឹងគ្មានប្រព័ន្ធការពារដែនអាកាស គ្មានមីស៊ីល Patriot គ្មានឧបករណ៍សម្រាប់ប្រព័ន្ធ electronic warfare ហើយក៏គ្មានគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រនោះដែរ។ នេះមានន័យថាយើងនឹងត្រូវ ដកថយត្រឡប់ក្រោយ ជាជំហានក្នុងជំហានតូចៗ។ តែយើងកំពុងស្វែងរកមធ្យោបាយមួយចំនួនដើម្បីបញ្ចៀសការដកថយ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងជំរុញឱ្យរដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អនុម័តកញ្ចប់ជំនួយយោធា និងហិរញ្ញវត្ថុថ្មី សម្រាប់អ៊ុយក្រែន។ ប៉ុន្តែ ប្រធានរដ្ឋសភា លោក Mike Johnson បានពន្យារពេលអនុម័តលើកញ្ចប់ជំនួយថ្មីទាំងនេះជាច្រើនខែមកហើយ ដោយសំអាងថាត្រូវ ដោះស្រាយបញ្ហាក្នុងស្រុកជាអាទិភាពជាមុនសិន៕