(តៃប៉ិ)៖ យោងតាមប្រភពដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ទី២៩ ខែមីនា នេះថា លោក Tang Hua ដែលជាប្រមុខកងទ័ពជើងទឹកតៃវ៉ាន់ នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចាប់ពីសប្តាហ៍ក្រោយ ដើម្បីចូលរួមកម្មវិធីការពារជាតិផ្សេងៗ ហើយពិភាក្សាអំពីមធ្យោបាយ ដើម្បីបង្កើនបន្ថែមនូវកិច្ចសហប្រតិបត្តិការយោធាជើងទឹក រវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

ជាដំបូង លោក Tang នឹងធ្វើដំណើរទៅកាន់រដ្ឋ Hawaii ដែលជាមូលដ្ឋាន នៃទីបញ្ជាការយោធាជើងទឹកអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីចូលរួមពិធីផ្លាស់ប្តូរមេបញ្ជាការ នៃកងអង្គភាពប៉ាស៉ីហ្វិកមួយរបស់ទ័ពជើងទឹកអាមេរិក។ បន្ទាប់មកលោក ត្រូវគេរំពឹងថានឹងបន្ត​ទៅចូលរួមសន្និសីទការពារជាតិ Sea-Air-Space នៅក្បែររដ្ឋធានីវ៉ាស៉ីនតោន ហើយជាមួយគ្នានោះ កិច្ចពិភាក្សាដើម្បីរៀបចំជំនួបជាមួយ ​ប្រធានប្រតិបត្តិការទ័ពជើងទឹកអាមេរិក លោកស្រី Lisa Franchetti ផងដែរ។ផ្ទុយពីការធ្វើទស្សនកិច្ចដោយមន្រ្តីជាន់ខ្ពស់ មកពី​សម្ព័ន្ធមិត្តអាមេរិកដទៃទៀត ដូចជាជប៉ុននិងចក្រភពអង់គ្លេស ជាដើម ដែលធ្វើឡើងដោយបើកចំហ ទស្សនកិច្ចរបស់មន្រ្តីតៃវ៉ាន់ ជាពិសេស​ខាងការពារជាតិ គឺត្រូវបានរក្សាមិនឱ្យសូវមានភាពបើកចំហឡើយ ហើយជារឿយៗមិនត្រូវបានប្រកាស ឬទទួលស្គាល់ ជាផ្លូវការនោះទេ។

គួរបញ្ជាក់ថា ស្របពេលដែលតៃវ៉ាន់និងសហរដ្ឋអាមេរិក មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាក៏ដោយ វាគឺជាទំនាក់ទំនងមិនផ្លូវការ ដ្បិតទីក្រុងវ៉ាស៉ីនតោន ទទួលស្គាល់រដ្ឋាភិបាលចិន មិនមែនតៃវ៉ាន់នោះទេ ខណៈកោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន ហើយចិនមិនដែលបោះបង់ជម្រើស នៃការបង្រួបបង្រួមគ្នាវីញជាមួយតៃវ៉ាន់ ដោយប្រើកម្លាំងយោធាឡើយ ប្រសិនបើចាំបាច់។ ទោះមិនមានទំនាក់ទំនងផ្លូវការក៏ដោយ សហរដ្ឋអាមេរិកមានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវផ្តល់មធ្យោបាយការពារខ្លួន ដល់តៃវ៉ាន់៕