(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែមីនា លោក Fukuda Yasuo ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកា Boao សម្រាប់អាស៊ីនិងជាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា សេដ្ឋកិច្ចចិនមានឥទ្ធិពលយ៉ាងធំធេង ចំពោះសេដ្ឋកិច្ចពិភពលោក លោករំពឹងពីការខិតខំប្រឹងប្រែង អភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដើម្បីបន្តរួមចំណែកជាកម្លាំង ក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ។

លោក Fukuda Yasuo យល់ឃើញថា វេទិកា Boao សម្រាប់អាស៊ីជាវេទិកាដ៏សំខាន់សម្រាប់ឥស្សរជន នៃប្រទេសជាច្រើនពិភាក្សានិងផ្លាស់ប្តូរ អំពីការដំណើរការនៃគោលនយោបាយដ៏សំខាន់ និងបញ្ហាអភិវឌ្ឍន៍សកល។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បញ្ហាពិភាក្សាដែលលោកយកចិត្តទុកដាក់បំផុតគឺ “ការអភិវឌ្ឍបច្ចេកវិទ្យា”។ លោកយល់ស្របចំពោះទង្វើរបស់ចិន ដែលពន្លឿនការបណ្តុះបណ្តាល និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

លោក Fukuda Yasuo បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងចិន មានឱកាសគ្រប់បែបយ៉ាង ដែលមិនត្រឹមតែនឹង មានអំណោយផលដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសដទៃទៀតផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន