(យូអិន)៖ រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា បានបោះឆ្នោតវេតូរាំងខ្ទប់ការផ្ដល់អាណត្តិថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញ UN ដែលតាមដានលើការអនុវត្ត ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបោះឆ្នោតវេតូរបស់រុស្ស៉ី កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការខាងលើបាននិយាយថាខ្លួនកំពុងបើកការស៊ើបអង្កេតលើសេចក្ដីរាយការណ៍ពី ការផ្ទេរអាវុធរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថាកូរ៉េខាងជើងបានបញ្ជូនអាវុធទៅឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំង អ៊ុយក្រែន។ ទាំងទីក្រុងមូស្គូ និងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់បែបនេះ តែបានប្ដេជ្ញាកាលពីឆ្នាំ២០២៣ថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបោះឆ្នោតអនុបវាទ ខណៈប្រទេសជាសមាជិកក្រុមប្រឹក្សា សន្តិសុខ១៣ ផ្សេងទៀតបានបោះឆ្នោតគាំទ្រលើការផ្ដល់អាណត្តិជាថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញ UN តាមដានលើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង។ អាណត្តិនៃគណៈកម្មាធិការនេះនឹងត្រូវអស់សុពលភាពនៅចុងខែមេសាខាងមុខនេះ។ កូរ៉េខាងជើងបានជាប់ទណ្ឌកម្មចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ បន្ទាប់ពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ៕