(ហ្សាការតា)៖ ក្រុមមេធាវីរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៉ី លោក Prabowo Subianto បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការណ៍ដែលបេក្ខជនបាញ់ឆ្នោត ព្យាយាមដាក់ពាក្យតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត​ ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីទាមទារលុបចោលជ័យជម្នះរបស់​លោក គឺនឹងធ្វើឱ្យសិទ្ធិបោះឆ្នោតរបស់ប្រជាជនឥណ្ឌូណេស៉ី ក្លាយជារឿងឥតបានការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

បេក្ខជនប្រធានាធីបតីឥណ្ឌូណេស៉ី ដែលបានទទួលបរាជ័យក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែកុម្ភៈ គឺលោក Anies Baswedan និង លោក Ganjar Pranowo កាលពីថ្ងៃពុធសប្តាហ៍នេះ បានឡើងនិយាយតវ៉ាចំពោះជ័យជម្នះរបស់លោក Prabowo នៅឯតុលាការធម្មនុញ្ញ ដោយចោទប្រកាន់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយមានការជ្រៀតជ្រែកលូកលាន់ ពីរដ្ឋាភិបាលផុតអាណត្តិរបស់ប្រធានាធិបតីលោក Joko Widodo ហៅ Jokowi ហើយស្នើឱ្យតុលាការលុបចោលជ័យជម្នះរបស់លោក Prabowo។

លោក Otto Hasibuan ដែលស្ថិតក្នុងក្រុមមេធាវីរបស់លោក Prabowo បាននិយាយនៅតុលាការធម្មនុញ្ញថា គ្មានការបំពានណាមួយឡើយ អំឡុងការបោះឆ្នោតកាលពីខែមុន ហើយលោកបានលើកឡើងថា ពាក្យបណ្តឹងផ្នែករដ្ឋបាល គួរតែត្រូវដោះស្រាយដោយទីភ្នាក់ងារឃ្លាំមើលដំណើរការបោះឆ្នោត ជាជាងតុលាការធម្មនុញ្ញ។

គួរបញ្ជាក់ថា លោក Prabowo និងដៃគូឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Rak​a ដែលជាកូនប្រុសច្បងរបស់លោក Jokowi ត្រូវបានគណៈកម្មការបោះឆ្នោតឥណ្ឌូណេស៉ី ប្រកាសជាផ្លូវការកាលពីសប្តាហ៍មុនថា ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត។ ក្រុមមេធាវីរបស់បេក្ខជនចាញ់ឆ្នោត ក៏បានទាមទារឱ្យតុលាការ ដកហូតសិទ្ធិលោក Gibran ជាបេក្ខជនអនុប្រធានាធិបតី ហើយរៀបចំការបោះឆ្នោតសាឡើងវិញ ផងដែរ៕