(សេអ៊ូល)៖ ក្រុមអ្នកបើកបររថយន្តក្រុង នៅរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាធ្វើកូដកម្ម ក្រោយកិច្ចប្រឹងប្រែងចរចាសុំដំឡើងប្រាក់ឈ្នួល មិនទទួលបានជោគជ័យ ជាហេតុនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ នៅក្នុងទីក្រុងដែលមាន​មនុស្សជាង៩លាននាក់មួយនេះ ហើយនិង១លាននាក់ទៀត មកពីជាយក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នា២០២៤។

ឆ្លើយតបចំពោះការរំខានដែលបង្កឡើងដោយសកម្មភាពកូដកម្មនេះ រដ្ឋបាលទីក្រុងសេអ៊ូល បានប្រកាសថា សេវាកម្មរថភ្លើងក្រោមដី នឹងធ្វើប្រតិបត្តិការយូរម៉ោងជាងធម្មតា ហើយរថភ្លើងបន្ថែម នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការ។ ជាមួយគ្នានេះ សង្កាត់ទាំង២៥ នៃទីក្រុងសេអ៊ូល ក៏នឹងផ្តល់ផងដែរ នូវរថយន្តដឹកជញ្ជូនចម្ងាយខ្លីៗសរុប៤៨០គ្រឿង ដើម្បីដឹកអ្នកដំណើរទៅកាន់ស្ថានីយរថភ្លើង។ ការធ្វើកូដកម្មទ្រង់ទ្រាយធំ ដោយក្រុមអ្នកបើកបររថយន្តក្រុងនៅទីក្រុងសេអ៊ូលនេះ គឺជាលើកដំបូងបំផុត ក្នុងរយៈពេល១២ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា កិច្ចចរចារវាងសហជីពអ្នកបើកបររថយន្តក្រុងទីក្រុងសេអ៊ូល និងនិយោជករបស់ពួកគេ បានទទួលបរាជ័យ បន្ទាប់ពីការទាមទារពីខាងសហជីព ដែលស្នើដំឡើងប្រាក់ឈ្នួល១២.៧ភាគរយ ត្រូវបានច្រានចោលថា ជាការទាមទារ​ជ្រុលហួសកម្រិត។ រថយន្តក្រុងនៅរដ្ឋធានីកូរ៉េខាងត្បូង ធ្វើប្រតិបត្តិការក្នុងប្រព័ន្ធមួយ ដែលមានក្រុមហ៊ុនឯកជនជាអ្នកចាត់ចែងរៀបចំ​រថយន្តក្រុងទាំងនោះ ប៉ុន្តែទទួលបានឧបត្ថម្ភធន និងស្ថិតក្រោមការកំណត់គោលការណ៍ផ្សេងៗ ដោយរដ្ឋបាលទីក្រុងសេអ៊ូល។

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ កូរ៉េខាងត្បូងក៏កំពុងប្រឈម ការធ្វើកូដកម្មពីសំណាក់ក្រុមវេជ្ជបណ្ឌិតផងដែរ ដោយក្រុមគ្រូពេទ្យសិក្ខាកាមរាប់ពាន់នាក់ បាននាំគ្នាដាក់ពាក្យលាឈប់ពីការងារ ដើម្បីសម្តែងការជំទាស់ចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួននិស្សិតចូលរៀននៅតាមសាលាវេជ្ជសាស្រ្ត៕