(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា បាននិយាយថាខ្លួនជឿជាក់ថាការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ នឹងមិនមានការផ្លាស់ប្ដូរនោះទេ បើទោះជានរណាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ដោយ។ ប៉ុន្តែនឹងរក្សាការប្រុងប្រយ័ត្នដើម្បីបញ្ចៀសការកេងយកប្រយោជន៍ពីបញ្ហារវាងចិន និងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងរបាយការណ៍មួយដាក់ជូនសភា ក្រសួងការបរទេសតៃវ៉ាន់ បានកត់សម្គាល់ថាទោះបីជាមិនដឹងថាលទ្ធផលបោះឆ្នោតប្រធានាធិបតីនឹងទៅជាយ៉ាងណាក៏ដោយ ក៏នៅតែមានការគាំទ្រ ភាគច្រើននៅក្នុងគណបក្សទាំង២របស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់។ ក្រសួងបន្ថែមថាតៃវ៉ាន់នឹងបន្តរក្សាតុល្យភាពទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ប៉ុន្តែ នឹងប្រុងប្រយ័ត្នដើម្បីបញ្ចៀសការកេងយកប្រយោជន៍ពីបញ្ហារវាងចិន និងតៃវ៉ាន់។ «ខណៈការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែឡើងកម្ដៅ យើងគួរតែ ប្រុងប្រយ័ត្នចំពោះការកេងយកប្រយោជន៍ពីបញ្ហាត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ទៅជាបញ្ហានយោបាយរវាងការការពារ និងការវាយប្រហារ»។ នេះជាការលើកឡើងរបស់ ក្រសួងការបរទេសតៃវ៉ាន់ ដោយមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថាអាចនឹងត្រូវតតាំងគ្នាជាថ្មី ក្នុងការបោះឆ្នោតនេះ៕