(ប៉េកាំង)៖ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់នឹងត្រូវជួប លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ក្នុងទីក្រុងប៉េកាំងនាថ្ងៃពុធនេះ សម្រាប់កិច្ចពិភាក្សាដែលរំពឹងថានឹងគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច ខណៈដែលគោលនយោបាយថ្មីរបស់ហូឡង់លើការនាំចេញបន្ទះឈីប កំពុងគំរាមកំហែងដល់ទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

ក្នុងឆ្នាំនេះ រដ្ឋាភិបាលហូឡង់ បានចាប់ផ្តើមបដិសេធអាជ្ញាប័ណ្ណសម្រាប់ ASML Holding NV ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ lithography ដល់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រទូទាំងពិភពលោក និងជាអ្នកនាំចេញខ្សែឧបករណ៍ DUV ទៅកាន់ប្រទេសចិន តបតាមការទាមទារបស់សហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នានេះ ហូឡង់ក៏ត្រូវប្រឈមមុននឹងសម្ពាធក្នុងការការពារសេដ្ឋកិច្ចខ្លួនឯងដែរ ដោយសារតែ ASML គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសហូឡង់ ហើយចាត់ទុកចិនជាទីផ្សារធំទីពីររបស់ខ្លួនបន្ទាប់ពីតៃវ៉ាន់។ បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មហូឡង់ លោក Geoffrey van Leeuwen ដែលកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង «ការការពារផលប្រយោជន៍របស់ក្រុមហ៊ុន ASML គឺជាអាទិភាពទី ១របស់លោកនាយករដ្ឋមន្រ្តី Rutte»។

គួរបញ្ជាក់ថា លោក Rutte និងលោក ស៉ី ធ្លាប់ជួបគ្នាកាលពីឆ្នាំ ២០២២អំឡុងពេលនៃកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៉ី ដោយកាលណោះលោក ស៉ី បានប្រាប់លោក Rutte ថាការប៉ុនប៉ងធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែត្រូវបានបដិសេធ ហើយស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មគួរតែត្រូវបានរក្សាទុក៕