(វ៉ាស៉ីនតោន)៖ ភាពប្រេះឆារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានលាតត្រដាងឡើង ក្នុងពេលដែល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ហាញជំហរមួយ ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើ ដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេថាន់ យ៉ាហ៊ូ បានខឹងនឹងសហរដ្ឋអាមេរិក ជុំវិញការផ្លាស់ប្តូរនូវគោលជំហររបស់ខ្លួន និងអ៊ីស្រាអែលបានលុបចោលដំណើរ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់ខ្លួន មិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឡើយ។ តើមានភាពប្រេះឆានេះ នឹងបង្កើតនូវរូបភាពល្អឬអាក្រក់អ្វីខ្លះ ចំពោះសង្គ្រាមក្នុងតំបន់ហ្គាហ្សាស្ទ្រីប?

មន្ត្រីអ៊ីស្រាអែលបាននិយាយថាការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកក្នុងការប្រកាន់យក សម្លេងអនុប្បវាទនៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ បានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវលុបចោលការធ្វើដំណើរ របស់មន្ត្រីទីប្រឹក្សាជាន់ខ្ពស់២រូបរបស់លោក ទៅកាន់សហរដ្ឋអាមេរិកវិញភ្លាមៗ។

សហរដ្ឋអាមេរិកកន្លងមកធ្លាប់បានបោះឆ្នោតវេតូលើ ដំណោះស្រាយអំពាវនាវបទឈប់បាញ់នេះ ប៉ុន្តែជំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោន ស្រាប់តែបានប្រែប្រួល តាំងពីសប្តាហ៍មុន គឺនៅពេលថ្ងៃសុក្រ ទី២២ មីនា រដ្ឋាភិបាលអាមេរិកបានដាក់ចេញ នូវដំណោះស្រាយបទឈប់បាញ់មួយ ដែលផ្សាភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែដំណោះស្រាយនោះមិន ទទួលបានជោគជ័យឡើយ ដោយសារមានការជំទាស់ពីរុស្ស៊ីនិងប្រទេសចិន។ ចំណែកគោល ជំហររក្សាការបោះឆ្នោតអនុប្បវាទ របស់សហរដ្ឋអាមេរិកនាថ្ងៃចន្ទទី២៥មីនានោះ គឺបានបណ្តោយឱ្យដំណោះស្រាយចុងក្រោយបង្អស់លេខ២៧២៨ ត្រូវបានអនុម័តមកវិញ ក្នុងពេល ដែលសមាជិក ១៤នាក់ផ្សេងទៀតនៃក្រុមប្រឹក្សាដែលមានចំនួន១៥ប្រទេសនោះ បានបោះឆ្នោតយល់ព្រម។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្លែងថា ខណៈពេលដែលដំណោះស្រាយចុងក្រោយនេះ ក៏រួមមានបញ្ចូលការ កែសម្រួលស្នើដោយសហរដ្ឋអាមេរិកផងនោះ ទើបរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន មិនអាចបោះឆ្នោតគាំទ្រដូចមុនបានឡើយ។ សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានកែសម្រួលពាក្យពេជន៍ ដូចជាការស្នើបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មកជាពាក្យឈប់បាញ់យូរអង្វែងវិញ។

លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយបន្តថា "បទឈប់បាញ់គ្នានេះតាមពិតវាអាចកើត មានច្រើនខែមកហើយ ប្រសិនបើក្រុមហាម៉ាសមានឆន្ទៈ ក្នុងការដោះលែងចំណាប់ខ្មាំងនោះ"។ លោកស្រី Linda Thomas-Greenfield បានអំពាវនាវឱ្យបណ្តារដ្ឋជាសមាជិក និងក្រុមប្រឹក្សា សន្តិសុខទាមទារ ឱ្យក្រុមហាម៉ាស់យល់ព្រម "ទទួលយកកិច្ចព្រមព្រៀងនេះ ដាក់នៅលើតុ"។ ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បាននិយាយទៀតថា «បទឈប់បាញ់គ្នាណាមួយគឺត្រូវតែមាន មកជាមួយនឹងថ្នូរការដោះលែង ចំណាប់ខ្មាំងទាំងអស់»

ដំណោះស្រាយលេខ២៧២៨ ដែលដាក់ចេញដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ នៃក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនេះ បានទាមទារបទឈប់បាញ់ជាបន្ទាន់មួយ សម្រាប់ ខែរ៉ាម៉ាដន, ការ ដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ និង "តម្រូវការ បន្ទាន់ដើម្បីពង្រីក លំហូរជំនួយ" ទៅកាន់តំបន់ហ្គាហ្សា។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរក្នុងបណ្តាញ សង្គមថាភាពបរាជ័យក្នុង ការអនុវត្តដំណោះស្រាយនេះ នឹង "មិនអាចអត់ឱនឱ្យបានឡើយ"។ ទាំងក្រុមហាម៉ាស់ និងអាជ្ញាធរប៉ាឡេស្ទីន បានស្វាគមន៍ចំពោះ ដំណោះស្រាយនេះ ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ អង្គការសហប្រជាជាតិ លោក Gilad Erdan បានរិះគន់ក្រុមប្រឹក្សាសន្តិសុខចំពោះការអនុម័តវិធានការមួយ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ "ដោយគ្មានលក្ខខណ្ឌក្នុងការដោះលែងចំណាប់ខ្មាំងឡើយ"។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដដែល បាននិយាយនៅឯអង្គការសហប្រជាជាតិថា ដំណោះស្រាយនោះ «ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរកការធានាដោះលែង ចំណាប់ខ្មាំងទាំងឡាយនោះ»។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅលើ ប្រព័ន្ធបណ្តាញសង្គមថា ប្រទេសរបស់លោក នឹងមិនគោរព តាមដំណោះស្រាយនោះឡើយ។ លោករដ្ឋមន្ត្រី Katz បាននិយាយថា "រដ្ឋអ៊ីស្រាអែលនឹងមិនបញ្ឈប់ការបាញ់គ្នាទេ»។ លោកថា «យើងនឹងកម្ទេចក្រុមហាម៉ាស ហើយបន្តប្រយុទ្ធរហូតដល់ ចំណាប់ខ្មាំងចុងក្រោយត្រូវបានវិល ត្រឡប់មកផ្ទះវិញ»

ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានកើតឡើង នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងលេចចេញ នៅក្នុងទីក្រុងRafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ សហរដ្ឋអាមេរិក បានកោះហៅឱ្យមន្ត្រីអ៊ីស្រាអែលដើម្បីឱ្យពន្យល់អំពីរបៀបរបស់ ខ្លួនថាតើនឹងត្រូវការ ពារជនជាតិប៉ាឡេស្ទីន ១លានបួនសែននាក់ ដែលកំពុងលាក់ខ្លួនជ្រកកោននៅ ទីនោះដោយវិធីណានៅមុនពេលដែលអ៊ីស្រាអែល ត្រៀមប្រើកម្លាំងទ័ពថ្មើរជើងចូលលុកលុយ ក្នុងតំបន់ Rafah ដែលសហរដ្ឋអាមេរិកបានចាត់ទុកថា វានឹងក្លាយជាកំហុសបើសិនជាអ៊ីស្រាអែល ហ៊ាននឹងធ្វើកិច្ចការវាយលុក ដាក់លើតំបន់ Rafah មែននោះ។ ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិនៃដែនដីប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយថា ដំណោះស្រាយនេះ គឺជាការបោះឆ្នោតមួយ «សម្រាប់ជីវិតដើម្បីមានរស់រាន ជាបន្តថែមទៀត»

សង្គ្រាមឆាបឆេះក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលផ្តើមចេញមកពីអំពើវាយប្រហារថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ដោយសារក្រុមហាម៉ាស់ បានបង្កសកម្មភាពគួរឱ្យភ្ញាក់ផ្អើល ដោយបានសម្លាប់ពលរដ្ឋ លើទឹកដីអ៊ីស្រាអែលប្រមាណ១ពាន់១៣៩នាក់ និងចាប់មនុស្សធ្វើជា ចំណាប់ខ្មាំងប្រមាណ ២៤០នាក់ បានឈានចូលថ្ងៃទី១៧១ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៦មីនាឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ នៃដែនដីប៉ាឡេស្ទីនដដែលបានថ្លែងថា គេត្រូវប្រើពេលវេលារហូតដល់ប្រាំមួយខែ សម្រាប់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីទាមទាររក បទឈប់បាញ់ជាបន្ទាន់នេះ ខណៈមាន "មនុស្សជាង១០ម៉ឺននាក់ ត្រូវបានស្លាប់និងរងរបួស, ប្រមាណពីរលាននាក់បានរត់ផ្លាស់ប្តូរទីលំនៅ និងបង្កើតជាគ្រោះទុរ្ភិក្ស តម្រូវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នេះកើតឡើង។

***មន្ត្រីអ៊ីស្រាអែលលុបចោលដំណើរទស្សនកិច្ចក្រោយសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលជំហរ

ការបោះឆ្នោតអនុម័តលើដំណោះស្រាយដែលអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា បានទន្ទឹមនឹង អ្វីដែលសហរដ្ឋអាមេរិក បានកោះហៅឱ្យ មន្ត្រីអ៊ីស្រាអែលដើម្បីឱ្យ ពន្យល់អំពីរបៀបរបស់ខ្លួនថាតើ នឹងត្រូវការពារជនជាតិប៉ាឡេស្ទីន ១លានបួនសែននាក់ ដែលកំពុងលាក់ខ្លួនជ្រកកោននៅទីនោះ ដោយវិធីណានៅមុនពេលដែល អ៊ីស្រាអែលត្រៀមប្រើកម្លាំងទ័ពថ្មើរជើង ចូលលុកលុយ ក្នុងតំបន់ Rafah នោះ។ មន្ត្រីទីប្រឹក្សាសន្តិសុខជាតិចំនួន២រូប របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Tzachi Hanegbi និងលោក Ron Dermer បានលុបចោលដំណើរធ្វើទស្សនកិច្ច នាយប់ថ្ងៃចន្ទនោះវិញភ្លាម។

សេចក្តីរាយការណ៍បានបង្ហាញ ថាអ៊ីស្រាអែលមានគំរោងវាយប្រហារ ដោយប្រើកងកម្លាំងថ្មើរជើង ចូលទៅក្នុងតំបន់ Rafah ដែលជាទីតាំងចុងក្រោយក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែអ៊ីស្រាអែលជឿថាក្រុមហាម៉ាសចំនួន ៤កងវរសេនាតូច បានស្ថិតក្នុងតំបន់ Rafah នោះ ប៉ុន្តែសហរដ្ឋអាមេរិកចង់ឱ្យអ៊ីស្រាអែលប្រើប្រាស់នូវវិធីផ្សេង ដើម្បីចៀសវាងការវាយប្រហារ ដោយទ័ពថ្មើរជើងដាក់លើតំបន់ Rafah ដោយមូលហេតុនេះហើយ ទើបសហរដ្ឋអាមេរិកបានអញ្ជើញមន្ត្រីអ៊ីស្រាអែលដែល រៀបចំគំរោងការណ៍វាយលុកនោះ ដើម្បីមកជជែកគ្នា ប៉ុន្តែនៅមុនពេលដែលត្រៀម នឹងមានការជួបគ្នាទៅហើយនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយនោះរួចទៅហើយ ដែលធ្វើឱ្យអ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចនោះវិញ ភ្លាមៗ។

មន្ត្រីនាំពាក្យសន្តិសុខជាតិអាមេរិកលោក John Kirby បានថ្លែងថា សហរដ្ឋអាមេរិកមានការ ខកចិត្តចំពោះការសម្រេចចិត្ត លុបចោលការធ្វើដំណើរ របស់មន្ត្រីអ៊ីស្រាអែលទាំង២រូបនេះ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ទូរទស្សន៍ CNN ថាការលុបចោល ដំណើរទស្សនកិច្ចនេះគឺជាប្រតិ កម្មមួយដ៏ហួសហេតុដែលទំនងជា ឆ្លុះបញ្ចាំងពីកង្វល់នយោបាយក្នុងស្រុកផ្ទាល់ខ្លួនរបស់ លោក Netanyahu។ មន្ត្រីរូបនោះបាននិយាយទៀតថា លោក Netanyahu មិនបានទាក់ទង ដោយផ្ទាល់ជាមួយលោក Biden ជុំវិញការសម្រេចចិត្តនេះទេ ហើយលោកប្រធានាធិបតី ក៏មិនមានគម្រោងទូរស័ព្ទ ទៅលោកនាយករដ្ឋមន្ត្រី Netanyahu ដើម្បីពិភាក្សាអំពីបញ្ហានេះដែរ។ ភាពប្រេះស្រាំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមក្នុងតំបន់ហ្គាហ្សានេះ ត្រូវបានទម្លាយជាសាធារណៈលើកដំបូងហើយ ប៉ុន្តែមិនមានការរំពឹងថាតើនឹងវិវត្តន៍ទៅមុខយ៉ាងណាទៀតនោះឡើយ។

ទោះជាយ៉ាងណាក្តី ក៏មានសេចក្តីរាយការណ៍ដាច់ដោយឡែកមួយដែលនិយាយថាអ៊ីស្រា អែលបានយល់ព្រម ចំពោះសំណើរបស់ សហអាមេរិកលើកិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោសនិងចំណាប់ខ្មាំង។ ទូរទស្សន៍ CNN អាមេរិក បានរាយការណ៍ថា មានការចរចាគ្នាថ្មីៗនេះ នៅទីក្រុង Doha នៃប្រទេសកាតា។ កិច្ចព្រមព្រៀង ដែលបានរាយការណ៍នោះ នឹងអាចនាំឱ្យមានការដោះលែង អ្នកទោសប៉ាឡេស្ទីន ប្រមាណ៧០០នាក់ ដែលក្នុងចំណោមនោះ ក៏មានអ្នកទោស១០០នាក់ដែលត្រូវបានដាក់គុក អស់មួយជីវិតផងដែរ ដោយសារតែករណីសម្លាប់ជន ជាតិអ៊ីស្រាអែល។ អ្នកទោសប៉ាឡេស្ទីនទាំង៧០០នាក់នោះ នឹងត្រូវក្លាយជាថ្នូរសម្រាប់ដោះ លែងចំណាប់ខ្មាំងអ៊ីស្រាអែល ៤០នាក់ ដែលក្រុមហាម៉ាសបានចាប់ខ្លួនក្នុងតំបន់ហ្គាហ្សា។ សេចក្តីរាយការណ៍ បាននិយាយថា ការយល់ព្រមលើសំណើរបស់សហរដ្ឋអាមេរិកនេះ គឺជាល្បែងនយោបាយមួយ របស់លោក ណេថាន់ យ៉ាហ៊ូ ដែរ ដោយសារតែសម្ពាធនយោបាយក្នុង ស្រុកបានគាបសង្កត់មកលើនយោបាយដាច់ខាតរបស់លោក ដែលបានដាក់ចេញ៣ចំណុច កន្លងមកនោះ។ យោងតាមលោក ណេថាន់ យ៉ាហ៊ូ សង្គ្រាមនឹងអាចចប់ទៅបានលុះត្រាណា តែចំណាប់ខ្មាំងទាំងអស់ ត្រូវបានក្រុមហាម៉ាស់ ដោះលែងមកទាំងអស់និងក្រុមហាម៉ាស ត្រូវតែបំបាត់ទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមហាម៉ាស់បាននិយាយថា នៅមានបញ្ហាជាច្រើនទៀត ដែលនៅតែមិនទាន់ដោះស្រាយ និងបញ្ហានោះលើសពី ការដោះលែងអ្នកទោសប៉ាឡេស្ទីន ពីពន្ធនាគាររបស់អ៊ីស្រាអែល នោះទៅទៀត។ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់លោក Basem Naeim បាន ប្រាប់ទូរទស្សន៍ CNN ថា "ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល-អាមេរិក" កំពុងតែបន្ថែមសម្ពាធលើ កិច្ចពិភាក្សនោះ។ មន្ត្រីជាន់ខ្ពស់ហាម៉ាស់ដដែល បាននិយាយថា “សម្រាប់ពួកយើង ការចរចាមិនត្រឹមតែផ្តោតលើ កិច្ចព្រមព្រៀងដោះដូរអ្នកទោសប៉ុណ្ណោះទេ”។ លោក Naeim បានបញ្ជាក់ បន្ថែមថា "អ៊ីស្រាអែលមិនបានយល់ព្រម ចំពោះសំណើណាមួយនៃក្រុមហាម៉ាសទាក់ទងនឹង បទឈប់បាញ់ពេញលេញ, ការដកកងកម្លាំងទាំងអស់ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប បើទោះបី ជាការដកជាដំណាក់កាលក៏ដោយ និងសំណើការវិលត្រឡប់របស់ជនភៀសខ្លួនទាំងអស់ ទៅកាន់ផ្ទះរបស់ពួកគេវិញ"។

ដំណោះស្រាយលេខ២៧២៨ដែលបានអនុម័តកាលពីថ្ងៃចន្ទ បានធ្វើឡើងទន្ទឹមនឹងខែបួសរ៉ាម៉ាដនបានកន្លងផុតប្រមាណ កន្លះខែរួចមកហើយ។ មន្ត្រីតំណាងបណ្តាប្រទេសអារ៉ាប់ លោក Abdullah Ali Fadhel Al-Saadi បានថ្លែងថាក្រុមបណ្តាប្រទេសអារ៉ាប់ បានគាំទ្រចំពោះដំណោះ ស្រាយនោះដែលគេរំពឹងថានឹងក្លាយជាជំហានដំបូង ដែលនឹងឈានដល់ការឈប់បាញ់គ្នា ជាអចិន្ត្រៃយ៍។ មន្ត្រីតំណាងបណ្តាប្រទេសអារ៉ាប់ដដែល បានថ្លែងជំរុញឱ្យមានការអនុវត្តភ្លាមៗ ចំពោះដំណោះស្រាយនេះនិងថា ក្រុមប្រទេសអារ៉ាប់ បដិសេធចំពោះការអនុវត្តស្តង់ដា២ ដែលបន្តចង់អូសបន្លាយនូវជម្លោះ ក្នុងតំបន់ហ្គាហ្សា គ្រាដែលកងកម្លាំងអ៊ីស្រាអែល បន្តការធ្វើសង្គ្រាមផ្តាច់ផ្តិលជីវិតមនុស្ស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះ។

គិតចាប់តាំងពីការធ្វើសង្គ្រាមថ្ងៃដំបូង របស់អ៊ីស្រាអែលដាក់មកលើ តំបន់ហ្គាហ្សាស្ទ្រីបនោះមក ពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានគេសម្លាប់ មានតួលេខកើនដល់ ៣ម៉ឺន២ពាន់៣៣៣នាក់ហើយ និងតួលេខអ្នករងរបួសមានចំនួន៧ម៉ឺន៤ពាន់៦៩៤នាក់៕