(តៃប៉ិ)៖ តៃវ៉ាន់ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី២៦ ខែមីនានេះបានធ្វើតេស្ដប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន នៅក្នុងសមយុទ្ធមួយដោយប្រើប្រាស់មីស៊ីលបាញ់ពីដីទៅអាកាស និងមានការចូលរួមពីកងទ័ពអាកាស ជើងគោក និងជើងទឹក ហើយប្ដេជ្ញាថានឹងបន្តបង្កើនការបណ្ដុះបណ្ដាល ចំពោះមុខការធ្វើសកម្មភាពយោធាជាញឹកញាប់របស់ចិននៅក្បែរដែន កោះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថានៅចន្លោះពីម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក (ម៉ោងក្នុងតំបន់) កងកម្លាំងរបស់ខ្លួនបានដឹកនាំ ការធ្វើសមយុទ្ធការពារដែនអាកាស ដោយប្រើប្រាស់ប្រព័ន្ធមីស៊ីល Sky Bow និងប្រព័ន្ធមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីយន្ដហោះចម្បាំង និងនាវាចម្បាំងផងដែរ។ សមយុទ្ធយោធានេះមានគោលបំណងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីការចូលរួមការពារដែនអាកាសរួមគ្នារវាងកងទ័ពអាកាស ជើងគោក និងជើងទឹក ហើយលទ្ធផលបង្ហាញថាមានភាពល្អប្រសើរ។

តាមទីបញ្ជាការកងទ័ពអាកាសតៃវ៉ាន់ នៅចំពោះមុខការកើនឡើងការធ្វើសកម្មភាពជាញឹកញាប់របស់យោធាចិន នៅក្បែរដែនកោះតៃវ៉ាន់ កងទ័ពអាកាសតៃវ៉ាន់នឹងបន្តបង្កើន ការបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពប្រឈមមុខនឹងការគំរាមកំហែង៕