(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងជាថ្មីម្ដងទៀតពីការអះអាងរបស់លោកថាពួកភេរវករ ដែលបានវាយប្រហារលើសាលមហោស្រពតន្ត្រីមួយ ស្ថិតនៅជាយទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន បានព្យាយាមរត់គេចទៅកាន់អ៊ុយក្រែន ហើយចោទសួរថាមកពីហេតុអ្វី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ ទី២៥ ខែមីនា លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វាចាំបាច់ត្រូវតែឆ្លើយនឹងសំណួរ ថាតើ ហេតុអ្វីបានជាក្រោយប្រព្រឹត្តទង្វើឧក្រិដ្ឋ ពួកភេរវករទាំងនោះបែរជាព្យាយាមរត់ចូលទឹកដីអ៊ុយក្រែន? តើមានអ្នកដែលរង់ចាំពួកគេនៅទីនោះមែនទេ?»។ យ៉ាងណាក៏ដោយ អ៊ុយក្រែន បានច្រានចោលការលើកឡើងរបស់លោក ពូទីន និងអះអាងថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅមូស្គូនោះឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅសាលមហោស្រពតន្ត្រី Crocus City Hall ស្ថិតនៅជាយទីក្រុងមូស្គូកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្លាប់មនុស្សយ៉ាងហោច ១៣៩នាក់។ មនុស្ស ១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរត្រូវបានចាប់ខ្លួន ហើយជនទាំង៤នាក់នេះដែរ ក៏ត្រូវបានតុលាការរុស្ស៉ីចោទប្រកាន់ជាផ្លូវការពីបទភេរវកម្មផងដែរ៕