(បាងកក)៖ ប្រទេសថៃ បានចាប់ផ្តើមដំណើរការផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា នៅក្រោមគំនិតផ្តួចផ្តើមមនុស្សធម៌ដើម្បីស្វែងរកការត្រួសត្រាយផ្លូវ សម្រាប់កិច្ចពិភាក្សាគ្នាក្នុងចំណោមភាគីជម្លោះ និងបន្ទាប់ពី ៣ឆ្នាំនៃអស្ថិរភាពក៏ដូចជាអំពើហិង្សាបង្កឡើងដោយរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងការបរទេសថៃ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយសង្គ្រោះជំហានដំបូងចំនួន ៤,០០០បាវដែលមានអង្ករ អាហារក្រៀម និងសម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់មនុស្ស ២០,០០០នាក់ត្រូវបានបញ្ជូនតាមក្បួនរថយន្តរបស់កាកបាទក្រហមថៃ ទៅកាន់ភាគីមីយ៉ាន់ម៉ា នៅឯច្រកព្រំដែន Mae Sot-Myawaddy។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាពដោយប្រទេសថៃ ដើម្បីបង្កើតច្រករបៀងមនុស្សធម៌ ហើយគាំទ្រដោយសមាជិកទាំង ១០របស់អាស៊ាន ខណៈដែលសង្រ្គាមស៉ីវិលរវាងយោធាមីយ៉ាន់ម៉ា កងកងម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងចលនាតស៊ូ កាន់តែមានសភាពធ្ងន់ធ្ងរទៅ។ ជំនួយ​នឹង​ត្រូវ​ចែកចាយ​នៅតាមទីតាំងសាកល្បងចំនួន ៣ក្នុងរដ្ឋ Kayin ប្រទេស​មីយ៉ាន់ម៉ា ដែល​អង្កេត​ដោយទីភ្នាក់ងារ​មនុស្សធម៌ និង​គ្រោះមហន្តរាយ​របស់​អាស៊ាន។

គួរបញ្ជាក់ថា ផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ដែលមេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ាបានយល់ព្រមកាលពីខែមេសា ឆ្នាំ ២០២១ នៅមិនទាន់ដំណើរការទេ ដោយសារតែប្លុកមានការខកចិត្ត ចំពោះភាពខ្វះការប្តេជ្ញាចិត្តរបស់របបយោធា និងសកម្មភាពវាយប្រហារ តាមផ្លូវអាកាស កាំភ្លើងធំលើតំបន់ជនស៉ីវិលរស់នៅ។ ការប្តេជ្ញាចិត្តនោះ រួមមានការអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ ផ្អាកការប្រយុទ្ធ គ្នា និងធ្វើកិច្ចសន្ទនាដែលមេដឹកនាំនៃរបបយោធាបដិសេធមិនព្រមធ្វើបន្ត។ ថៃ​រំពឹងថានឹងអាច​ដើរ​តួនាទី​ឆ្ពោះទៅរកការគ្រប់គ្រងជម្លោះ និង​លើក​ទឹក​ចិត្តឱ្យមាន​កិច្ចចរចា៕